លោក ដូណាល់ ត្រាំ ត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការលក់អាវុធរបស់អាមេរិកទៅឱ្យតៃវ៉ាន់ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងក្នុងសប្ដាហ៍នេះ

បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថារូបលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងក្នុងសប្ដាហ៍នេះ ខណៈរូបលោកអួតថាទំនាក់ទំនងដ៏ល្អរបស់លោកជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង នឹងអាចរារាំងការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់។
ទីក្រុងប៉េកាំងបានទទួលស្គាល់ជាផ្លូវការថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
តាមក្រុមមន្ត្រីអាមេរិកវិញ លោក ត្រាំ និងលោក ស៊ី ជីនពីង ត្រូវបានរំពឹងថានឹងពិភាក្សាពីសង្រ្គាមអ៉ីរ៉ង់ តៃវ៉ាន់ AI កិច្ចព្រមព្រៀងរ៉ែកម្រ រួមទាំងអាវុធនុយក្លេអ៊ែរ។ លោក ត្រាំ គ្រោងនឹង ទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធសប្ដាហ៍នេះ នៅមុនកិច្ចប្រជុំកំពូលត្រូវប្រព្រឹត្តទៅពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រសប្ដាហ៍នេះ។
នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មានថាតើសហរដ្ឋអាមេរិកគួរតែបន្តលក់អាវុធឱ្យតៃវ៉ាន់ដែរឬទេ? លោក ត្រាំ មិនបានឆ្លើយចំៗនោះទេ តែបាននិយាយថាលោកនឹងពិភាក្សាពីបញ្ហានេះជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង។ «លោកប្រធានាធិបតី ស៊ី (ជីនពីង) មិនចង់ឱ្យយើងលក់អាវុធឱ្យតៃវ៉ាន់ទេ ហើយខ្ញុំនឹងពិភាក្សាពីបញ្ហានេះដែលស្ថិតក្នុងចំណោមរឿងជាច្រើនដែលត្រូវជជែកគ្នា»។ នេះជាការគូសបញ្ជាក់របសលោក ត្រាំ។
ក្រោយមកទៀត ដោយលើកឡើងពីសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន លោក ត្រាំ បានកត់សម្គាល់ថាលោកផ្ទាល់មិនគិតនោះទេថាចិននឹងវាយតៃវ៉ាន់ ជាមួយការសង្កត់ធ្ងន់ពីទំនាក់ទំនងដ៏ល្អរបស់លោកជាមួយលោក ស៊ី ជីនពីង។
គួរបញ្ជាក់ថា តាមការបញ្ជាក់ពីសេតវិមាន លោក ត្រាំ នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកក្នុងនោះរួមមានលោក Elon Musk និងថៅកែក្រុមហ៊ុន លោក Tim Cook ក្នុងដំណើរទស្សនកិច្ចមួយដែលត្រូវបានគេរំពឹងថានឹងផ្ដោតជាពិសេសលើក្ដីសង្ឃឹមរបស់លោក ត្រាំ ក្នុងការបង្កើនការធ្វើពាណិជ្ជកម្ម៕

You might also like