សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ ប្ដេជ្ញាបង្កើនសកម្មភាពមនុស្សធម៌ ស្របតាមទិសស្លោក “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

កំពង់ស្ពឺ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានប្ដេជ្ញា ក៏ដូចជាបានណែនាំដល់សាខា និងអនុសាខាទាំង ៩ស្រុក-ក្រុងឱ្យបង្កើនសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ស្របតាមទិសស្លោក “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ។
ក្នុងពិធីអបអរសាទរខួបទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កាកបាទក្រហមគឺជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាកមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ ។ សកម្មភាពមនុស្សធម៌ ដែលកាកបាទក្រហមបានធ្វើ គឺជាកម្លាំងចូលរួមយ៉ាងធំធេង ពីសប្បុរសជន ក្នុងវិស័យរដ្ឋ និងឯកជនមកពីគ្រប់ទិសទី ហើយរាល់សកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជា គឺធ្វើដោយគ្មានការរើសអើង និងមិនទុកឱ្យនរណាម្នាក់ស្លាប់ ដោយអត់បាយនោះឡើយ ។
ជាងនេះ ឯកឧត្តមបណ្ឌិត បានបន្ថែមថា កាកបាទក្រហមកម្ពុជាតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ តាមរយៈមន្ត្រីស្ម័គ្រចិត្ត របស់កាកបាទក្រហមកម្ពុជា ។ តែទោះជាយ៉ាងនេះក្តី ភាពខ្វះចន្លោះរបស់មន្ត្រីកាកបាទក្រហមកម្ពុជា ទាំងថ្នាក់សាខានិងអនុសាខាក្រុងស្រុកនៅតែមាន ដូច្នេះទាំងអស់គ្នា ក៏ត្រូវខិតខំបំពេញកែលម្អរបន្ថែមទៀត នូវចំណុចខ្វះខាតទាំងឡាយ ដែលមានកន្លងមក ត្រូវបង្កើនការយកចិត្តទុកដាក់និងចុះជាប់ជាប្រចាំ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីក្តាប់ឱ្យបានពីសុខទុក្ខនិងបញ្ហាប្រឈមដែលពួកគាត់ជួបប្រទះ ។
មួយវិញទៀត ការចាយវាយ ការប្រើប្រាស់ថវិការបស់កាកបាទក្រហម ត្រូវធ្វើឱ្យបានចំគោលដៅ និងគោលការណ៍គ្រឹះ នៃកាកបាទក្រហមកម្ពុជា ពោលគឺស្មោះត្រង់ និងតម្លាភាពក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនិងងាយរងគ្រោះ ដើម្បីបង្កើនជំនឿពីប្រជាពលរដ្ឋ សប្បុរសជន ក្នុងការបន្តគាំទ្រលើចលនា សកម្មភាព ក្នុងបុព្វហេតុមនុស្សធម៌ នៃកាកបាទក្រហមកម្ពុជាឱ្យបានកាន់តែរីកចម្រើន រឹងមាំ និងខ្លាំងក្លាបន្ថែមទៀត។
ដើម្បីមានមូលនិធិគ្រប់គ្រាន់ សម្រាប់បន្តបេសកកម្មមនុស្សធម៌ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បា អំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌ នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕

You might also like