កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១០នាក់ និងគ្រឿងញៀន៦២កញ្ចប់ និងវត្ថុតាងមួយចំនួន
(តាកែវ)÷ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នៅវេលាម៉ោង ៨:៤៥នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
លុះវេលាម៉ោង៧:២៥នាទី ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៦ បន្តពន្លាតដែនសមត្ថកិច្ចទៅខេត្តកណ្តាលសហការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថស្រុកស្អាង កម្លាំងអាវុធហត្ថក្រុងតាខ្មៅ សម្របសម្រួលនីតិវិធីដោយ ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាល បានបង្ក្រាបជាក់ស្តែងនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល និងវេលាម៉ោង ១៤:៤០នាទី ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦ បន្តពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញសហការជាមួយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្របសម្រួលនីតិវិធី ដោយលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានចុះបង្រ្កាបជាក់ស្តែងនៅចំណុចផ្ទះលេខC4 ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
+ លទ្ធឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ១០ នាក់ (ស្រី១ ប្រុស៩)
១/ឈ្មោះ ជុំ សល់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
២/ ឈ្មោះ រ៉ាត់ ម៉ាឡេ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ គោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
៣/ ឈ្មោះ តឹង បញ្ញា ហៅញ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល។
៤/ ឈ្មោះចា សីហា ហៅពៅ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
៥/ ឈ្មោះ ឡួត ពីរ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
៦/ ឈ្មោះ គីម ស្រីល័ក្ខ ភេទស្រីអាយុ២៧ឆ្នាំ រស់នៅភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៧/ ឈ្មោះ ហ៊ុយ យាន ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅពីរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៨/ ឈ្មោះអិន មុន្នី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៩/ ឈ្មោះអៀ ស៊ុនហៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
១០/ ឈ្មោះ សេង សុវណ្ណរ៉ា ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
+ ដកហូតវត្ថុតាងរួមមាន÷
១/ ម្សៅក្រាមពណ៌សថ្លាចំនួន ៦២ កញ្ចប់ ទម្ងន់១១៨.៦៩(ថ្លឹងទាំងសំបកថង់)
២/ ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន ១៧ គ្រាប់
៣/ ម្សៅពណ៌ផ្កាឈូក ចំនួន ១ កញ្ចប់
៤/ អាវុធខ្លីចំនួន ១ ដើម
៥/ គ្រាប់អាវុធខ្លីចំនួន ៥៩ គ្រាប់
៦/ ដាវដែកចំនួន ១ ដើម
៧/ ទូរស័ព្ទ ១៣ គ្រឿង
៨/ ម៉ូតូចំនួន ៤ គ្រឿង
៩/ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ៣ គ្រឿង
១០/ថង់វេចខ្ចប់ និងសម្ភារ:សេពថ្នាំញៀនមួយចំនួន។
ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។






