ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស បានអញ្ជើញរៀបចំអាហារការងារថ្ងៃត្រង់ជូន ឯកឧត្តម អែលឈីន អាមៀរបាយ៉ូវ តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ៃបៃហ្សង់ទទួលបន្ទុកកិច្ចការពិសេស
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញរៀបចំអាហារការងារថ្ងៃត្រង់ជូន ឯកឧត្តម អែលឈីន អាមៀរបាយ៉ូវ តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ៃបៃហ្សង់ទទួលបន្ទុកកិច្ចការពិសេស ក្នុងឱកាសនៃការបំពេញទស្សនកិច្ចការងាររបស់ ឯកឧត្តមតំណាងប្រធានាធិបតី នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៩-១៤ ខែឧសភា ឆ្នាំ២០២៦ ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ភាគីទាំងពីរបានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ ដោយផ្តោតជាពិសេសលើការធ្វើឱ្យស៊ីជម្រៅភាពជាដៃគូសេដ្ឋកិច្ច និងការអភិវឌ្ឍ ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ ដែលជាកង្វល់រួម ព្រមទាំងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងអន្តរជាតិ ដើម្បីគាំទ្រសន្តិភាព និងស្ថិរភាព។ ឯកឧត្តមរដ្ឋលេខាធិការក៏បានជម្រាបជូនគណៈប្រតិភូអំពីការវិវត្តបច្ចុប្បន្នពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ។
ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកម្ពុជា-អាស៊ែបៃហ្សង់ និងការជំរុញគោលដៅរួមសម្រាប់សន្តិភាព វិបុលភាព និងកំណើនប្រកបដោយបរិយាបន្ននៅក្នុងតំបន់ និងពិភពលោក ។






