ករណីឃាតកម្មគិតទុកជាមុន​ នៅឆ្នេរអូត្រេះ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនជនដៃដល់បានហេីយ​

ក្រុងព្រះសីហនុ៖ ឃាតករដែលសម្លាប់ស្ត្រីរងគ្រោះ នៅឆ្នេរត្រេះ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅបន្ទប់ទឹកលេខ ៩ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនបានហើយ ។

សូមរម្លឹកថា មានករណី ឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យម្នាក់ ភេទស្រី បានធ្វើសកម្មភាព យកកាំបិតចុងស្រួច ដងឈើ ដាក់ក្នុងថង់យកម៉ាស់រុំ ទៅជួបជនរងគ្រោះ បន្ទាប់មកពួកគេបានឈ្លោះប្រកែកគ្នាមួយស្ទុះ ស្រាប់តែជនសង្ស័យបានដកកាំបិតពីក្នុងថង់ ទៅអារ ក ជនរងគ្រោះ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុតែម្តង ។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុបាត់។

គួរបញ្ជាក់ថា៖ កន្លងមក ជនសង្ស័យ និងជនរងគ្រោះ ជាមនុស្សស្រីស្រលាញ់ភេទដូចគ្នា ដែលមានមនោសញ្ជេតនាស្នេហានេះ រយៈពេលប្រហែល២ឆ្នាំ មកហើយ។

បន្ទាប់ពីទទួលព័ត៌មាននេះ កម្លាំងសមត្ថកិច្ចជំនាញ ព្រហ្មទណ្ឌ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយ អធិការដ្ឋាននគរបាក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ១ និង២ បានធ្វើការស្រាវជ្រាវតាមជំនាញ រហូតដល់វេលាម៉ោងប្រហែល ៣និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បាន នៅចំណុច ក្រោមផ្លូវល្បឿនលឿន ក្រុមទី១៧ ភូមិ១ សង្កាត់លេខ ១ ក្រុង-ខេត្តព្រះសីហនុ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរនាំ ។

• ជនរងគ្រោះ (សព)ឈ្មោះ តាំង ស្រីនិច ភេទស្រី ជនជាតិខ្មែរ ថ្ងៃ-ខែ-ឆ្នាំកំណើត៖ ថ្ងៃទី២០ ខែវិច្ឆិកា។
• ជនសង្ស័យឈ្មោះ សុខ រស្មី ភេទ ស្រី អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិ ៤ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ

តាមការពិនិត្យទៅលើសពនារីរងគ្រោះ មានស្នាមរបួសដាច់រយះសាច់បំពង់ក ១កន្លែង។

យោងតាមការសួរបំភ្លឺមិត្តភក្តិរបស់ស្រ្តីរងគ្រោះ និងប្អូនប្រុសជនសង្ស័យ សមត្ថកិច្ចធ្វើការសន្និដ្ឋានបានថា ការស្លាប់របស់ជនរងគ្រោះ គឺបណ្ដាលមកពី ការអារបំពង់ក សម្លាប់ ដោយគិតទុកជាមុន ៕

You might also like