អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តចុះរដ្ឋបាលនៅទីតាំង៣កន្លែង ក្នុងក្រុងប៉ោយប៉ែត សង្ស័យពាក់ព័ន្ធបទល្មើស Scam Online

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការសម្របសម្រួល នីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង និងលោក ទេព ឃុនឆៃ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចម្រុះខេត្ត ចុះធ្វើរដ្ឋបាលទីតាំងសង្ស័យ មានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យាចំនួន ៣ទីតាំង ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ទីតាំងទាំង៣ រួមមាន៖​
*ទីតាំងទី១ មានឈ្មោះ សេង ចាន់ធា ភេទស្រី ជាម្ចាស់ទីតាំងផ្ទះវីឡា២ល្វែង មាន២៣បន្ទប់ និងសាលចំនួន១ ពុំមានជនបរទេសស្នាក់នៅ (ទើបតែចាកចេញ) ក្រុមការងារបានត្រួតពិនិត្យរកឃើញសម្ភារសង្ស័យមួយចំនួន ដែលជាសញ្ញាណនៃការប្រព្រឹត្តបទល្មើសOnline Scams។ ក្រុមការងារសម្រេចជារួម បញ្ជូនម្ចាស់ទីតាំង ទៅសាកសួរបន្ដនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុង និងបិទទីតាំងជាបណ្ដោះអាសន្ន ដើម្បីបន្ដនីតិវិធី។
*ទីតាំងទី២ កម្ពស់៦ជាន់ ៦៣បន្ទប់ មានឈ្មោះ កុល សុវណ្ណវឌ្ឍនា ជាអ្នកគ្រប់គ្រងតំណាងម្ចាស់ទីតាំង មានជនបរទេសស្នាក់នៅ៧៦នាក់ ស្រី២៨នាក់ រកពុំឃើញមានសម្ភារសង្ស័យពាក់ព័ន្ធបទល្មើស Online Scam។ ក្រុមការងារបានធ្វើការផ្សព្វផ្សាយអប់រំអំពីច្បាប់ និងអនុក្រឹត្យលេខ០៣ និងបានឱ្យអ្នកគ្រប់គ្រងជាតំណាងម្ចាស់ទីតាំងធ្វើកិច្ចសន្យា។
*ទីតាំងទី៣ កម្ពស់១៣ជាន់ ៤១បន្ទប់ មានម្ចាស់ឈ្មោះ ប្រាក់ ភិរុន ភេទប្រុស ពុំមានជនបរទេសស្នាក់​នៅ និងពុំមានសម្ភារ:សង្ស័យពាក់ព័ន្ធបទល្មើសOnline Scam។ ក្រុមការងារបានធ្វើការផ្សព្វ​ផ្សា​យអប់រំអំពីច្បាប់ និងអនុក្រឹត្យលេខ០៣ និងបានឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា៕

You might also like