ឃាត់បានទាំងឡាន និង មនុស្ស ក្នុងករណីក្មេងប្រុសបើកបរលើដងផ្លូវទាំងមិនទាន់គ្រប់អាយុ ត្រូវគេថតបង្ហោះចែកចាយពេញបណ្ដាញសង្គម

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចែករំលែក បន្ទាប់ពីមានវីដេអូ ថតបានករណីក្មេងប្រុសម្នាក់ បើកបររថយន្តទាំងមិនទាន់គ្រប់អាយុ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាករណីខុសនឹងច្បាប់ចរាចរណ៍ ព្រមទាំងអាចបង្កគ្រោះថ្នាក់នៅលើដងផ្លូវផងដែរ។
ទាក់ទិនទៅនឹងករណីនេះ ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានជូនដំណឹងឱ្យបានដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋភ្លាមៗ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការនគរបាលខេត្តសៀមរាប បានបញ្ជារឱ្យកងកម្លាំង ធ្វើការស្វែងរក រហូតឃាត់បានរថយន្ត និង អ្នកបើកបរ ដែលជាក្មេងប្រុសសង្ស័យមិនទាន់គ្រប់អាយុ ដូចក្នុងវីដេអូដែលបានចែករំលែកលើបណ្តាញសង្គម។
ជាក់ស្ដែង នៅរសៀលថ្ងៃខែឆ្នាំដដែល ក្មេងប្រុសសង្ស័យមិនទាន់គ្រប់អាយុខាងលើ ត្រូវឃាត់ខ្លួន ​និង រថយន្ត នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង បញ្ជូនទៅការិយាល័យជំនាញ ដើម្បីសាកសួរនាំបន្តតាមនិវិធី និង បង្ការទប់ស្កាត់ កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងផងដែរ៕

You might also like