ថៃ ៖ រថភ្លើងបុកជាមួយរថយន្ដក្រុង ក្នុងទីក្រុងបាងកក បណ្ដាលឱ្យមនុស្ស ៨នាក់ស្លាប់
(បាងកក)៖ ប្រព័ន្ធផ្សព្វផ្សាយថៃ នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថារថភ្លើងដឹកទំនិញមួយគ្រឿងបានបុកគ្នាជាមួយរថយន្ដក្រុងមួយគ្រឿង នៅក្បែរស្ថានីយ Makkasan នៃស្រុក Ratchathewi ក្នុងទីក្រុងបាងកក បណ្ដាលឱ្យមនុស្សយ៉ាងហោច ៨នាក់បានស្លាប់។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA។
តាមសារព័ត៌មានថៃ The Nation ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅម៉ោង ៣៖៤០នាទីរសៀលថ្ងៃសៅរ៍នេះ ដោយបង្កឱ្យរថយន្ដក្រុងផ្ទុះឆេះ ហើយបង្កការខូចខាតដល់យានយន្ដ ជាច្រើនជាងគ្រឿងផ្សេងទៀត។ មនុស្សយ៉ាងហោច ១៥នាក់ក៏បានរងរបួសផងដែរ រីឯអាជ្ញាធរថៃអាចគ្រប់គ្រងស្ថានការណ៍បាននៅម៉ោងប្រហែល ៤រសៀល។
ក្រុមអ្នកពន្លត់អគ្គិភ័យ និងអ្នកជួយសង្រ្គោះបានទៅដល់កន្លែងកើតហេតុភ្លាមៗ ក្រោយទទួលបានដំណឹងពីហេតុការណ៍រថភ្លើងបុកគ្នាជាមួយរថយន្ដក្រុង។ តែភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុ បណ្ដោលឱ្យមានគ្រោះថ្នាក់នេះកើតឡើងនៅឡើយទេ៕






