នគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនក្មេងទំនើងពីរនាក់ ដែលគំរាមសម្លាប់យុវជនម្នាក់ជិះម៉ូតូតាមផ្លូវ
ខេត្តតាកែវ÷ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង២២÷៣០នាទី ស្ថិតនៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីគំរាមកំហែងថានឹងសម្លាប់មួយករណីកើតឡើង។
មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យជាក្មេងទំនើងមួយក្រុមមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០៥ គ្រឿង បានធ្វើសកម្មភាពដោយជិះម៉ូតូ កាន់កាំបិតផ្គាក់ ពូថៅ ដំបង និងដុំថ្ម ដេញទៅលើឈ្មោះ គា សំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ តាមដងផ្លូវរហូតដល់ផ្ទះ ខណៈដែលជនរងគ្រោះជិះម៉ូតូតាម ផ្លូវម្នាក់ឯង ហើយក្រុមជនសង្ស័យបានគប់ដុំថ្ម ចូលផ្ទះរបស់ជនរងគ្រោះ បណ្តាលឱ្យមានការភ្ញាក់ផ្អើល (មិនបណ្តាលឱ្យមានរងរបួស)។ ក្រោយធ្វេីសកម្មភាពរួចក្រុមជនសង្ស័យបាននាំ គ្នារត់គេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានកាម ចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវ រហូតដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៦កម្លាំងជំនាញស្រុកព្រៃកប្បាស សហការជាមួយកម្លាំងជំនាញស្រុកអង្គរបូរី ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់៖
ឈ្មោះ សាង សៀវម៉េង (ហៅម៉េង) ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ (ឃាត់ខ្លួន)ធ្លាប់ជាប់ ពពន្ធនាគារ២លេីកនិងឈ្មោះ សាង ផានិត (ហៅមិន) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ (ឃាត់ខ្លួន)ធ្លាប់ជាប់ពន្ធនាគារ០១លេីក និងបក្សពួកកំពុងរត់គេចខ្លួន។ បន្ទាប់មកកម្លាំងយើងបាននាំខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕






