ប្រមុខ​ហិរញ្ញវត្ថុ G7 ស្វែងរកដំណោះស្រាយទប់ស្កាត់​អតុល្យភាព​ ខណៈពាណិជ្ជកម្មធ្វើឱ្យខូចសាមគ្គីភាព

បណ្ដា​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​​នៃ​ក្រុម​ប្រទេស​​​​ G7 ដែលកំពុង​ជួបជុំគ្នានៅទីក្រុងប៉ារីសនៅថ្ងៃចន្ទ​​​​១៨​​ឧសភា ​​នេះ​ នឹងព្យាយាមស្វែងរកចំណុចរួមលើការដោះស្រាយភាពតានតឹងសេដ្ឋកិច្ចពិភពលោក និងសម្របសម្រួលការផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗ ខណៈ​​​ការខ្វែងគំនិត​ខា​ងភូ​មិ​សាស្ត្រនយោបាយគំរាមកំហែងដល់ការសាកល្បងសាមគ្គីភាពរបស់ក្រុមនេះ ។​​
កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ​​ ​​​​​កើតរមាន​ឡើង​​​​ក្រោយ​កិច្ចប្រជុំកំពូលរវាងលោក​ប្រធានាធិបតីអាមេរិក Donald Trump និង​​លោក​​ប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង​ ដែលសម្រេចបាននូវសមិទ្ធផលសេដ្ឋកិច្ចជាក់ស្តែងមួយចំនួន ខណៈ​ភាពតានតឹងលើបញ្ហា​​​កោះ​​តៃវ៉ាន់ និងពាណិជ្ជកម្មបានស្ងប់ស្ងាត់ក្រោមការបង្ហាញពីភាពស្និទ្ធស្នាលផ្នែកការទូត។
ក្នុងរបៀបវារៈស្នូលនៅទីក្រុងប៉ារីស ប្រទេស​​​បារាំង​​ ​​គឺជាអ្វីដែល​រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Roland Lescure បានពិពណ៌នាថាជាភាពមិនស្មើគ្នាឬ​​អតុល្យភាព​​​នៃសេដ្ឋកិច្ចពិភពលោកដ៏ជ្រៅ ដែលកំពុងជំរុញឲ្យមាន​​​ការកកិតគ្នា​​​ផ្នែក​​ពាណិជ្ជកម្ម និងប្រឈមនឹងការដួលរលំដ៏ចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុ។​​​

លោកថា របៀបដែលសេដ្ឋកិច្ចពិភពលោកបានអភិវឌ្ឍអស់រយៈពេល១០​​​ ឆ្នាំកន្លងមកនេះ គឺមិនអាចទ្រទ្រង់បានឡើយ ដោយចង្អុលទៅគំរូមួយដែលប្រទេសចិនប្រើប្រាស់មិនគ្រប់គ្រាន់ សហរដ្ឋអាមេរិកប្រើប្រាស់ច្រើនពេក និងអឺរ៉ុបវិនិយោគ​​​មិនគ្រប់គ្រាន់។
ក្រុម​​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ចរបស់​ប្លុក​នេះ​ ​នឹ​ង​ស្វែងរក​ព័ត៌មាន​ថ្មីៗ​អំពី​ទំនាក់ទំនង​អាមេរិក-ចិន បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​លោក Trump និង​ លោក​​ ​Xi និង​កិច្ចខិតខំប្រឹងប្រែង​ចុងក្រោយ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការបើក​ច្រកសមុទ្រ Hormuz ឡើងវិញ ខណៈ​រដ្ឋបាល​លោក Trump បាន​អនុញ្ញាត​ឲ្យ​មាន​ការលើកលែង​ទណ្ឌកម្ម​លើ​ប្រេង​តាម​សមុទ្រ​របស់​រុស្ស៊ីដែល​នឹង​​ផុតកំណត់​នៅ​ថ្ងៃសៅរ៍សប្ដាហ៍នេះ​៕

You might also like