ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យចម្ការកាហ្វេ និងជំរុញការស្វែងរកទីផ្សារជូនកសិករ

នៅថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យចម្ការកាហ្វេរបស់កសិករ ឈ្មោះ ស្រន់ ដារិន ស្ថិតនៅភូមិចំការតែ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ព្រមទាំងបានផ្តល់បទសម្ភាសន៍ជាមួយបណ្តាអ្នកសារព័ត៌មាន អំពីសក្តានុពលដំណាំកាហ្វេ និងការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្ត។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យងាកមកដាំដំណាំដែលមានសក្តានុពល និងសមស្របទៅនឹងស្ថានភាពដី និងអាកាសធាតុនៃខេត្តមណ្ឌលគិរី ដូចជា ដំណាំកាហ្វេ កាកាវ ម៉ាកាដាមៀ និងដំណាំយុទ្ធសាស្ត្រផ្សេងៗទៀត ដែលអាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានបញ្ជាក់ថា ទឹកដីខេត្តមណ្ឌលគិរីមានសក្តានុពលកសិកម្មខុសៗគ្នាទៅតាមសណ្ឋានដី ដោយក្នុងនោះ៖
* តំបន់វាលទំនាប នៃស្រុកកោះញែក មានអំណោយផលសម្រាប់ដាំដំណាំស្រូវ។
* តំបន់ស្រុកកែវសីមា មានអំណោយផលសម្រាប់ដំណាំស្វាយចន្ទី និងកៅស៊ូ។
* តំបន់ខ្ពង់រាប នៃស្រុកពេជ្រាដា មានសក្តានុពលសម្រាប់ដំណាំជាច្រើនប្រភេទ។
* ដោយឡែក តំបន់ភ្នំក្នុងក្រុងសែនមនោរម្យ និងស្រុកអូររាំង ដែលមានដីក្រហម និងរយៈកម្ពស់ពីនីវ៉ូសមុទ្រជាមធ្យមប្រមាណ ៧០០ ទៅ ៩០០ម៉ែត្រ គឺមានអំណោយផលខ្ពស់សម្រាប់ដំណាំកាហ្វេ កាកាវ ម៉ាកាដាមៀ និងបន្លែគ្រប់ប្រភេទ ដែលមានគុណភាព និងឱជារសឆ្ងាញ់ប្លែកពីតំបន់ផ្សេងៗ។
ជាមួយគ្នានេះ ឯកឧត្តម ថង សាវុន ក៏បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការស្វែងរកទីផ្សារ និងជំរុញការភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន និងដៃគូពាក់ព័ន្ធ ដើម្បីជួយឱ្យផលិតផលកសិកម្មរបស់ប្រជាកសិករ មានទីផ្សារច្បាស់លាស់ និងអាចប្រកួតប្រជែងបានកាន់តែប្រសើរ។
ឯកឧត្តមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានដីទំនេរ សូមងាកមកដាំដំណាំ និងបន្លែទៅតាមប្រភេទដំណាំដែលសមស្របនឹងសណ្ឋានដី និងអាកាសធាតុក្នុងតំបន់របស់ខ្លួន ដើម្បីបង្កើនចំណូល និងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

You might also like