កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ

(ស្ទឹងត្រែង)៖ កងទ័ពកម្ពុជា និងកងទ័ពឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន។ នេះបើយោងតាមកំណត់ហេតុនៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ប្រចាំឆ្នាំ២០២៦ នៅឯសណ្ឋាគារអង្គរមាស ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

ឆ្នាំ២០២៦នេះ ដោយមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាម បណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា ដែលបានជួបប្រជុំពិភាក្សាគ្នាដោយផ្ទាល់ជាលើកទី០៤ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា ចំណែកភាគីឡាវដឹកនាំដោយឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនឡាវ-កម្ពុជា កម្ពុជា-ឡាវ។

You might also like