លោក Putin និយាយថា រុស្ស៊ីនឹងបន្តយុទ្ធនាការនៅតាមសមរភូមិ ដោយមិនខ្វល់ពីសំណើរបស់អ៊ុយក្រែន

លោកប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីនឹងបន្តទៅមុខជាមួយនឹងគោលបំណងសមរភូមិរបស់ខ្លួនក្នុងការដណ្តើមយកតំបន់អ៊ុយក្រែនចំនួនបួនយ៉ាងពេញលេញ ដោយបដិសេធអ្វីដែលលោកនិយាយថាជាសំណើថ្មីរបស់អ៊ុយក្រែន ដើម្បីទប់ស្កាត់អរិភាពនៅក្នុងសង្គ្រាមដែលមានអាយុកាលជាងបួនឆ្នាំ។
លោក Putin ដែលកំពុងថ្លែងទៅកាន់អ្នកសម្ភាសន៍ទូរទស្សន៍រដ្ឋរុស្ស៊ីម្នាក់ ក៏បាននិយាយផងដែរថា រុស្ស៊ីត្រូវការបង្កើនសមត្ថភាពការពារដែនអាកាសរបស់ខ្លួន ដើម្បីទប់ទល់នឹងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនកាន់តែខ្លាំង ដែលមានគោលបំណងចម្បងទៅលើឧស្សាហកម្មប្រេងរបស់ខ្លួន។ លោកបាននិយាយថា រុស្ស៊ីកំពុងដោះស្រាយបានល្អក្នុងបញ្ហាផ្គត់ផ្គង់ប្រេងឥន្ធនៈដែលទាក់ទងនឹងការវាយប្រហាររបស់អ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍របស់លោក មេដឹកនាំកំពូលរុស្ស៊ីរូបនេះ បាននិយាយថា អ៊ុយក្រែនបានស្នើឱ្យមានការផ្អាកការវាយប្រហារចម្ងាយឆ្ងាយទៅវិញទៅមក ជាជំហានមួយឆ្ពោះទៅរកសន្តិភាព។ ប៉ុន្តែទីក្រុងមូស្គូបានមើលឃើញថា វាជាមធ្យោបាយមួយដើម្បីបន្ធូរបន្ថយសម្ពាធលើកងកម្លាំងរបស់ទីក្រុងគីវ តាមបណ្តោយសមរភូមិជួរមុខប្រវែង១.២៥០ គីឡូម៉ែត្រ របស់ភាគីទាំងពីរ ហើយថា លោកនឹងមិនឲ្យសំណើនេះរំខានដល់យុទ្ធនាការណ៍រុស្ស៊ីឡើយ។
លោកថា វាច្បាស់ណាស់ថាហេតុអ្វីបានជាសំណើនេះត្រូវបានធ្វើឡើង ព្រោះការវាយប្រហារតបតរបស់ពួកលោកដែលចូលជ្រៅទៅក្នុងទឹកដីអ៊ុយក្រែនគឺខ្លាំងជាង មានផលប៉ះពាល់ធំជាង និងនិយាយឱ្យត្រង់ទៅទំហំនៃការបំផ្លិចបំផ្លាញច្រើនជាង៕

You might also like