សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូន លោកប្រធានាធិបតីចិន ស៊ី ជិនពីង អបអរសាទរខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតជូន លោកប្រធានាធិបតី ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ដោយសម្តែងនូវការអបអរសាទរចំពោះខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន។
សម្តេចសូមកោតសរសើរយ៉ាងខ្លាំងចំពោះគំរូថ្មីនៃទំនាក់ទំនងរវាងគណបក្សនិងគណបក្សរបស់ CPC តាមរយៈការ បង្កើនការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោម ប្រទេស គណបក្សនយោបាយ និងប្រជាជននានា ដើម្បីខិតខំស្វែងរកសន្តិភាពនិងវិបុលភាពពិភពលោក។ ក្រោមការ ដឹកនាំរបស់ CPC សាធារណរដ្ឋប្រជាមានិតចិន បាននិងកំពុងដើរតួនាទីស្ថាបនាកាន់តែខ្លាំងឡើង ក្នុងការលើកកម្ពស់ សន្តិភាព និងកិច្ចសន្ទនាក្នុងកិច្ចការតំបន់ និងអន្តរជាតិ។
សម្ដេចតេជោ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធីរបស់ CPC។ គំនិតផ្តួចផ្តើមសកលរបស់លោកប្រធានាធិបតី ស៊ី ជិនពីង រួមមានគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) និងគំនិតផ្តួចផ្តើមអារ្យធម៌សកល (GCI) បានឆ្លុះបញ្ចាំងពីការរួមចំណែក ប្រកបដោយស្ថាបនារបស់ប្រទេសចិន ក្នុងការដោះស្រាយបញ្ហាប្រឈមសកល និងការជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។
សម្ដេចសូមអបអរសាទរសាធារណរដ្ឋប្រជាមានិតចិនចំពោះសមិទ្ធផលដ៏គួរឱ្យកោតស្ញប់ស្ញែង ស្របតាមផែនការ ប្រាំឆ្នាំលើកទី១៤ (២០២០-២០២៥) ហើយសម្តេចជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់ CPC ដែលមានលោក ស៊ី ជិនពីង ជាមេដឹកនាំស្នូល សាធារណរដ្ឋប្រជាមានិតចិន នឹងអនុវត្តផែនការប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០) ប្រកបដោយជោគជ័យ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ១០០ឆ្នាំ ទីពីរនៃការកសាង ប្រទេសសង្គមនិយមទំនើបមួយដែលមានវិបុលភាព ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា ត្រឹមឆ្នាំ២០៤៩។
សម្ដេចតេជោក៏សូមវាយតម្លៃខ្ពស់ចំពោះមិត្តភាពយូរអង្វែង រវាងគណបក្សនិងប្រទេសយើងទាំងពីរ ដែលបានបញ្ជាក់ជាថ្មី នូវមិត្តភាពដែកថែប និងចក្ខុវិស័យរួមគ្នានៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត៕






