គ្រឿងញៀនប្រមាណ៣៨គីឡូគ្រាមដឹកតាមទូក ត្រូវកម្លាំងអាវុធហត្ថសហការកម្លាំងឧទ្យានុរ: មន្ទីបរិស្ថានខេត្តស្ទឹងត្រែង ចុះល្បាតតាមដងទន្លេមេគង្គ ឆ្មក់បង្ក្រាបទាន់បាន
ខេត្តស្ទឹងត្រែង: គ្រឿងញៀនរាប់សិបគីឡូគ្រាម ចរាចរណ៍តាមទូក ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងឧទ្យានុរក្សនៃមន្ទីបរិស្ថានខេត្ត កម្លាំងសហគមន៍នេសាទរួមគ្នាបង្រ្កាបបាន
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពី យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ។
ករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ដ៏ធំមួយនេះសង្ស័យសារធាតុញៀន ក្រោយការត្រួតពិនិត្យ រួចដកហូតបានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ម៉ាទឹកកក ជិត៣៨គីឡូ
ក្រាម នៅចំណុចកន្ទុយកោះហឹប ភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ដោយកម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខលេខ៧៤៧ ដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងមន្ទីរបរិស្ថានខេត្ត ក្នុងកិច្ចប្រតិបត្តិការស្ទាក់បង្ក្រាបបទល្មើសគ្រឿងញៀននៅតាមភូមិសាស្ត្រដងទន្លេមេគង្គ។
ប្រភព ពីសមត្ថកិច្ច ក្នុងប្រតិបត្តិការផ្ទាល់ឲ្យដឹងថា ជនសង្ស័យបានដឹងខ្លួនមុន និងបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវវត្ថុតាងថ្នាំញៀនមួយចំនួនធំ។ក្រោយរឹបអូសវត្ថុតាងក្នុង
វេលាកើតហេតុរួចមក លុះមកដល់វេលាម៉ោង ០៩និង៥០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ករណីនេះបានឈានដល់ដំណាក់កាលត្រួតពិនិត្យ និងថ្លឹងវត្ថុតាងជាផ្លូវការ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមវត្តមានលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក អ៊ន រី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្ទឹងត្រែង
លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងជាលទ្ធផលនៃការត្រួតពិនិត្យវត្ថុតាងគ្រឿងញៀនដែលបានរឹបអូសខាងលើជាប្រភេទ មេតំហ្វេតាមីន (ICE / ទឹកកក)ចំនួន ៣៧ កញ្ចប់ធំ ទម្ងន់សរុប៖ ៣៧,៧១១.៧ ក្រាម (ថ្លឹងទាំងសម្បកថង់) ឬប្រហាក់ប្រហែលជិត ៣៨ គីឡូក្រាម។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានរក្សាទុកជាបណ្តោះអាសន្ន ខណៈកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត កំពុងដុតដៃដុតជើងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការបន្តទៅតាមផ្លូវច្បាប់ និងដេញប្រមាញ់ស្វែងរកតម្រុយដើម្បីចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនមកផ្តន្ទាទោសឱ្យខានតែបាន៕






