បង្ក្រាបជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីចាប់មនុស្សដាក់រថយន្ត ដើម្បីជំរិតទារប្រាក់ នៅ​ក្រុង​បាវិត

(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានធ្វើការបង្ក្រាបជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីចាប់មនុស្សដាក់រថយន្ត ដើម្បីជំរិតទារប្រាក់ នៅ ក្រុង បាវិត។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
យោងតាមមន្ត្រីនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦  កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីចាប់មនុស្សដាក់ក្នុងរថយន្តដើម្បីជំរិតទារប្រាក់ នៅត្រង់ចំណុចផ្លូវកំពង់ស្ពាន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាម វិធានការជំនាញ។
ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានប្រទះឃើញជនសង្ស័យកំពុងបើករថយន្តគេចខ្លួន ក៏បានដេញតាម និងស្ទាក់តាមគោលដៅប្រទាក់ក្រឡា។ ពេលនោះក្រុមជនសង្ស័យបានទម្លាក់ជនរងគ្រោះជាជនជាតិវៀតណាមចោល តាមផ្លូវ ហើយបានចេញពីរថយន្ត រួចរត់ចូលវាលស្រែ។
កម្លាំងសមត្ថកិច្ចបានរត់ដេញតាមចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ ភេទប្រុស ជាជនជាតិវៀតណាម នៅវេលាម៉ោង ១០និង៣០នាទីព្រឹក នាថ្ងៃដដែល។
ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ រថយន្ត ម៉ាក Toyota prius ពណ៌ក្រហម (រថយន្តធ្វើសកម្មភាព) ១គ្រឿង, កាំបិតធ្វើសកម្មភាព ០៣ដើម, ទូរស័ព្ទដៃ២គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

You might also like