ក្រុមចោរហារយវ័យជំទង់ៗ បាននាំគ្នាជិះម៉ូតូដើរប្រព្រឹត្តអំពើ «ទុច្ចរិត» នៅក្នុងមូលដ្ឋានចំនួន០២លើកជាបន្តបន្ទាប់

ខេត្តបាត់ដំបង ៖ គេមិនទាន់ដឹងពីចំនួនពិតប្រាកដនៃសមាសភាពក្រុមចោរហារយ ដែលកំពុងបង្កការអុកឡុកដល់ការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំនរា ស្រុកសង្កែ នៅឡើយទេ ។ ប៉ុន្តែក្រុមចោរវ័យឈាមរាវទាំងនោះ បានប្រើប្រាស់ដំបង និងកាំបិត វាយនិងកាប់កម្ទេចបំភ្លេចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិ រួចធ្វើសកម្មភាព «ប្លន់» យកគ្រឿងស្រវឹងរហូតដល់ទៅ២លើកផ្ទូនៗក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយគេចខ្លួនដោយសុវត្ថិភាព ។
អ្នកភូមិបានរាយការណ៏ប្រាប់នៅថ្ងៃទី១២ សីហា នេះថា ក្រុមចោរហារយវ័យជំទង់ៗបាននាំគ្នាជិះម៉ូតូដើរប្រព្រឹត្តអំពើ «ទុច្ចរិត» នៅក្នុងមូលដ្ឋានចំនួន០២លើកជាបន្តបន្ទាប់ក្នុងឃុំនរា តែគេមិនទាន់ដឹងថា ពួកគេជាក្រុមតែមួយ ឬយ៉ាងណានោះទេ ។ ប្រភពដដែលបាននិយាយថា ហេតុការណ៍ទាំង០២លើកបានកើតឡើងស្ទើរព្រមៗគ្នា នៅវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ សីហា ។ ទី១-កើតឡើងនៅភូមិបាឡាត់ ឃុំនរា ដោយជនអន្ធពាលមួយក្រុម មានគ្នាប្រហែលពី៥ ទៅ៦នាក់ ជិះម៉ូតូចំនួន០៣គ្រឿង ។ ក្រុមនេះបានធ្វើសកម្មភាពកាប់កម្ទេចធុងក្លាស្សេនៅខាងមុខតូបលក់ដូរ ដឹកយកទៅគាស់កម្ទេចចោលរួច«ប្លន់»យកគ្រឿងកំប៉ុងផឹកអស់គ្មានសល់ ជាពិសេស«ស្រាបៀរ» ។ ទី២-គេមិនដឹងថា ជាក្រុមដដែល ឬក្រុមផ្សេងនោះទេ បានកើតឡើងនៅភូមិតាកុក ឃុំនរាដដែល ។

ក្រុមចោរនោះបានជិះម៉ូតូធ្វើសកម្មភាពកាប់ផ្ដាច់ ឬវាយកម្ទេច «កាមេរ៉ាសុវត្ថិភាព» អស់ជាច្រើនគ្រាប់ដែលម្ចាស់បំពាក់នៅខាងមុខផ្ទះលក់ដូរ មុនពេលចូលលួចទ្រព្យសម្បត្តិ ។ បើតាមប្រភពព័ត៌មាន ក្រោយពីកាប់ផ្ដាច់ ឬវាយបំផ្លាញកាមេរ៉ាសុវត្ថិភាព ក្រុមចោរដែលគេអះអាងថា វ័យក្មេងៗទាំងនោះ បានកាប់បំផ្លាញធុងក្លាស្សេ «ប្លន់» យកគ្រឿងកំប៉ុងទៅផឹកផងដែរ ។ ប៉ុន្តែចៃដន្យអី មុនពេលក្រុមជនអន្ធពាលកាប់បំផ្លាញកាមេរ៉ា គឺកាមេរ៉ាបានថតជាប់សកម្មភាពក្រុមចោរហារយនេះបានសព្វគ្រប់អស់ទៅហើយ ។
ពាក់ព័ន្ធនឹងករណីទី២ បើពិនិត្យមើលពីសកម្មភាពក្រុមចោរហារយ ដែលកាមេរ៉ាសុវត្ថិភាពថតជាប់នៅវេលាម៉ោង១ និង១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ សីហា គេឃើញក្រុមជនអន្ធពាលចំនួន០៣នាក់ ប្រដាប់ដោយកាំបិត និងដំបងវែងៗ ដំបូងពួកគេបានដើរចូលយ៉ាងគគ្លើនទៅកាប់កម្ទេចកាមេរ៉ាសុវត្ថិភាពចំនួន០២ទីតាំងនៅក្បែរគ្នានោះ ធ្លាក់រប៉ាត់រប៉ាយមកលើដី ហើយពួកគេបានរត់ចេញ ។ តើក្រោយកាប់កម្ទេចកាមេរ៉ា ពេលនោះពួកគេបាន «ប្លន់» យកអ្វីខ្លះទេ ។ ព្រោះកាមេរ៉ាសុវត្ថិភាព ថតជាប់តែមួយជ្រុង ដែលពួកគេបានលើកកាំបិត ឬដំបងវាយ ឬកាប់ទម្លាក់កាមេរ៉ាចំនួន០២កន្លែង ។ សកម្មភាពក្រុមជនអន្ធពាលទាំងនេះ បានបង្ហាញពីភាពសាហាវឃោរឃៅសម្បើមដៃណាស់ទៅលើទ្រព្យសម្បត្តិ និងការរស់នៅរបស់ប្រជាពលរដ្ឋ ។ ជាពិសេសក្រុមនេះ កំពុងបង្កអសន្តិសុខ បង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ខនៅក្នុងមូលដ្ឋាន ដែលសមត្ថកិច្ចមិនអាចគ្រប់គ្រងបាន ។
គួររំលឹកផងដែរថា កាលពីដើមខែកក្កដាកន្លងទៅនេះ ក្រុមចោរហារយដែលមានសមាសភាពស្រដៀងៗគ្នានេះ បានធ្វើសកម្មភាពអុកឡុកអ្នកស្រុកបាណន់ស្ទើររាល់យប់ ។ ក្រុមចោរវ័យឈាមរាវទាំងនោះ នាំគ្នាជិះម៉ូតូទាំងក្រុមៗ អូសដាវតាមថ្នល់បែកផ្កាភ្លើងទាំងកណ្ដាលយប់ ។
មិនតែប៉ុណ្ណោះ ពួកគេថែមទាំងធ្វើសកម្មភាពគាស់ទម្លុះទម្លាយតូបលក់ដូរ «ប្លន់» យកទ្រព្យសម្បត្តិអ្នកភូមិកាប់កម្ទេចធុងក្លាស្សេ «ប្លន់» យកគ្រឿងកំប៉ុង ។ ជាពិសេស ស្រាបៀរ យកទៅផឹកអស់គ្មានសល់ ។ ក្រោយពីកំណត់បាននូវមុខសញ្ញាជនដៃដល់ កម្លាំងអធិការស្រុកបាណន់ បានបើកយុទ្ធនាការត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ តាមចាប់ខ្លួនបក្ខពួកក្រុមចោរហារយនេះ បានជាបន្តបន្ទាប់រហូតដល់ទៅ១៧នាក់ បញ្ជូនទៅកាន់ទ្វារខ្មៅរហូតមកដល់សព្វថ្ងៃនេះ ។
ជំងឺសង្គមដ៏កាចសាហាវមួយនេះ ហាក់មិនបានជាសះស្បើយត្រឹមនៅស្រុកបាណន់ទេ។ ផ្ទុយទៅវិញ ពេលនេះ វាបែរជាឆ្លងរាលដាលមកដល់ទឹកដីស្រុកសង្កែ ដោយចាប់ផ្ដើមអុកឡុកជាលើកដំបូងដ៏គួរឲ្យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងឃុំនរា ។ ហើយសកម្មភាពក្រុមចោរហារយដែលប្រព្រឹត្តនៅក្នុងទឹកដីឃុំនរានេះ មិនខុសពីសកម្មភាពក្រុមចោរហារយធ្វើសកម្មភាពក្នុងទឹកដីស្រុកបាណន់ឡើយ ។ ពួកគេប្រើប្រាស់កាំបិត និងដែកបំពង់ទីបដូចគ្នាវាយកម្ទេចទ្រព្យសម្បត្តិ និង«ប្លន់»ដូចគ្នា ។
ប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះនៅស្រុកបាណន់បានធូរទ្រូងច្រើនហើយ នៅឡើយតែប្រជាពលរដ្ឋនៅស្រុកសង្កែទេ ដែលក្រុមចោរវ័យឈាមរាវទើបចាប់ផ្ដើមបង្ហាញពីសកម្មភាពគួរឲ្យខ្លាច ។
មន្ត្រីរដ្ឋបាលស្រុកសង្កែម្នាក់បានប្រាប់ដែរថា ពេលនេះ ប្រជាពលរដ្ឋដែលរងគ្រោះបានប្ដឹងទៅសមត្ថកិច្ចរួចហើយ តែលទ្ធផលយ៉ាងណាពីសមត្ថកិច្ចនោះ អ្នកភូមិបាននិងកំពុងរង់ចាំមើលពីស្នាដៃលោកសមត្ថកិច្ចហើយ ៕

You might also like