នៅថៃ ! ផ្ទុះការបាញ់ប្រហារក្នុងពិព័រណ៍ម្ហូបមួយ បណ្ដាលឱ្យផ្អើលវឹកវរខ្លាំង ផ្ដើមចេញពីចោរលួចម៉ូតូមិនសម្រេច

កាលពីកន្លងទៅ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារ ស្ថិតក្នុងខេត្តនគររាជសីមា ប្រទេសថៃ ដោយមានក្រុមជនល្មើសបានប្រើអាវុធកាំភ្លើងបាញ់ស្រោចទៅលើហ្វូងមនុស្សដែលកំពុងដើរកម្សាន្ត និងលក់ដូរ បណ្ដាលឱ្យមានមនុស្ស ៦ នាក់បានរងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០:៣០ យប់ នៅបរិវេណមុខវិមានស្ដូបមួយ នៅក្នុងស្រុកដានឃុនថត ដែលសកម្មភាពបាញ់ប្រហារនេះ បានបង្កឱ្យមានភាពវឹកវរយ៉ាងខ្លាំង ខណៈដែលប្រជាពលរដ្ឋ និងអាជីវករជាច្រើននាក់ បាននាំគ្នារត់គេចខ្លួនទាំងស្លន់ស្លោបំផុត។
តាមសេចក្ដីរាយការណ៍ពីអ្នករៀបចំកម្មវិធី ជនបង្កបានប្រើប្រាស់អាវុធកាំភ្លើងប្រភេទកែច្នៃ ហើយបានបាញ់ឡើងក្នុងអំឡុងពេលដែលកម្មវិធីជិតបញ្ចប់ទៅហើយ ពោលគឺក្នុងពេលដែលអាជីវករកំពុងរៀបចំប្រមូលទុកដាក់សម្ភារ និងទំនិញរបស់ខ្លួន។
ជាលទ្ធផល មានមនុស្សសរុបចំនួន ៦ នាក់បានរងរបួសដោយសារគ្រាប់កាំភ្លើង ក្នុងនោះក្រុមការងារសង្គ្រោះបន្ទាន់ក៏បានប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ខណៈដែលជនរងគ្រោះដែលមានសភាពរបួសធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យធំ ដើម្បីទទួលការវះកាត់សង្គ្រោះជីវិតជាបន្ទាន់។
មូលហេតុពិតប្រាកដនៃការបាញ់ប្រហារនេះ គឺផ្ដើមចេញពីការដែលជនសង្ស័យម្នាក់បានព្យាយាមលួចម៉ូតូដែលចតទុកក្នុងកម្មវិធី ប៉ុន្តែជាចៃដន្យ ម្ចាស់ម៉ូតូបានមកឃើញទាន់ពេល រួចក៏មានការប្រតាយប្រតប់គ្នា និងត្រូវម្ចាស់ម៉ូតូ ជាមួយអ្នករៀបចំកម្មវិធីចាប់ខ្លួនជនសង្ស័យនោះបានមួយសន្ទុះ។
យ៉ាងណាមិញ ក្នុងអំឡុងពេលប្រតាយប្រតប់ ជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនរួច ហើយក៏បានទៅបបួលមិត្តភក្តិច្រើននាក់ទៀត ដោយនាំយកទាំងកាំបិត និងកាំភ្លើង មកសងសឹកនៅកន្លែងកើតហេតុវិញភ្លាមៗ ដោយពួកគេបានបើកការបាញ់ប្រហារដើម្បីរំដោះបក្សពួករបស់ខ្លួន។
ដោយឡែក បច្ចុប្បន្ន កម្លាំងនគរបាលនៃប៉ុស្តិ៍ស្រុកដានឃុនថត បានសម្រុកចុះទៅអន្តរាគមន៍ និងអាចឃាត់ខ្លួនជនសង្ស័យបានម្នាក់យកមកសាកសួរ ហើយក៏កំពុងពង្រាយកម្លាំងតាមប្រមាញ់បក្សពួកដែលនៅសេសសល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

You might also like