បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទ្រង់ទ្រាយធំចំនួន ៣កន្លែងនៅក្រុងប៉ោយប៉ែត រកឃើញជនបរទេស និងខ្មែរ ១៤៥នាក់
(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងចម្រុះដឹកនាំដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam online) ចំនួន ៣កន្លែងផ្សេងគ្នា ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្ដិការនេះ ក៏បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ ក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដបន្ទាយមានជ័យ។
ប្រតិបត្តិការនេះបានរកឃើញជនសង្ស័យសរុប ១៤៥នាក់ រួមទាំងជនបរទេស និងជនជាតិខ្មែរ ព្រមទាំងរឹបអូសសម្ភារៈជាច្រើនសម្រាប់ធ្វើសកម្មភាព។
ទីតាំងទី១ ដែលជាផ្ទះវីឡា ២ កន្លែងជាប់គ្នា ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មិនត្រូវបានរកឃើញជនសង្ស័យ ឬសម្ភារៈប្រព្រឹត្តបទល្មើសឡើយ។ ក្រុមការងារបានអប់រំម្ចាស់ទីតាំង និងអនុញ្ញាតឱ្យរស់នៅធម្មតា។
ដោយឡែក ទីតាំងទី២ ដែលជាផ្ទះជួល ២ ល្វែង កម្ពស់ ៣ ជាន់ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ដូចគ្នា ក្រុមការងារបានរកឃើញជនជាតិខ្មែរ ២ នាក់ (ប្រុស) និងមានដានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្ភារៈដែលត្រូវបានដកហូតរួមមាន ទូរស័ព្ទដៃ ៥ គ្រឿង កុំព្យូទ័រយួរដៃ ២ គ្រឿង CPU ១ គ្រឿង ម៉ូនីទ័រ ១ គ្រឿង ស៊ីមកាតខ្មែរ ៤៥ សន្លឹក និងដុំ WIFI ១ គ្រឿង។ ជនជាតិខ្មែរទាំង ២ នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងបន្តនីតិវិធី ហើយទីតាំងនេះត្រូវបានបិទ។
ចំណែកឯទីតាំងទី៣ គឺជាអគារកម្ពស់ ៧ ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ទីតាំងនេះ ក្រុមការងារបានរកឃើញជនបរទេសចំនួន ១៣៣ នាក់ (ស្រី ៥១ នាក់) ដែលមាន ៣ សញ្ជាតិ រួមមាន ជនជាតិវៀតណាម ៨២ នាក់ (ស្រី ២៦ នាក់) ជនជាតិចិន ១៨ នាក់ (ស្រី ២ នាក់) និងជនជាតិថៃ ៣៣ នាក់ (ស្រី ១៦ នាក់)។ ក្រៅពីនេះ ក៏មានជនជាតិខ្មែរ ១៤ នាក់ (ស្រី ៧ នាក់) ផងដែរ។ ក្រុមការងារបានរកឃើញ និងរឹបអូសសម្ភារៈជាច្រើនសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមាន ទូរស័ព្ទដៃ ២០២ គ្រឿង កុំព្យូទ័រយួរដៃ ១ គ្រឿង CPU ៣០ គ្រឿង ម៉ូនីទ័រ ៩៦ គ្រឿង កុំព្យូទ័រ All-in-One ៣១៣ គ្រឿង និងកាតការងារ ៨ សន្លឹក។
ជនសង្ស័យសរុប ១៤៥ នាក់ (ខ្មែរ ១៤ នាក់) ត្រូវបានបញ្ជូនទៅមណ្ឌលកងក្រុងសិរីសោភ័ណ ចំណែកជនជាតិវៀតណាម ២ នាក់ (ស្រី) ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ត្រៀមបញ្ជូនបន្តទៅមណ្ឌលកងក្រុងសិរីសោភ័ណ។ វត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី។






