នគរបាលកម្ពុជាអះអាងថា គ្រឿងញៀនជាង ១តោនច្រកក្នុងប៉ាវអង្ករអក្សរខ្មែរ ដែលសមត្ថកិច្ចឥណ្ឌូនេស៊ីចាប់បាន មិនមែននាំចេញពីកម្ពុជានោះទេ
(ភ្នំពេញ)៖ មន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជា បានអះអាងថា គ្រឿងញៀនជាង ១.៣តោន ដែលត្រូវបានវិចខ្ចប់ក្នុងប៉ាវអង្ករខ្មែរ ហើយត្រូវបានសមត្ថកិច្ចរបស់ឥណ្ឌូនេស៊ីចាប់បាននោះ មិនមែន នាំចេញពីកម្ពុជានោះទេ។
លោកថា បើតាមការស្រាវជ្រាវគ្រឿងញៀនទាំងនោះនាំចេញពីតំបន់ត្រីកោណមាស ទៅប្រទេសថៃ តាមច្រកសមុទ្រ មុនទៅដល់ឥណ្ឌូនេស៊ី។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា តាមការស្រាវជ្រាវយ៉ាងម៉ត់ចត់ របស់មន្ត្រីនគរបាលជំនាញរបស់កម្ពុជា គ្រឿងញៀនចំនួនជាង ១.៣តោន ដែលត្រូវអាជ្ញាឥណ្ឌូនេស៊ីរឹបអូសបាននោះ គឺបាននាំចេញពីតំបន់ត្រីកោណមាស ទៅកាន់ប្រទេសថៃ (សមុទ្រថៃ) មុននឹងចេញដំណើរ ឆ្លងកាត់ព្រំដែនសមុទ្រឥណ្ឌូនេស៊ី។
លោកថា ចំពោះប៉ាវអង្ករដែលដាក់គ្រឿងញៀនមានអក្សរខ្មែរនោះ គឺពួកឧក្រិដ្ឋជនអាចទិញពីព្រំដែនកម្ពុជា-ថៃ ឬត្រូវបានបោះពុម្ពនៅក្នុងប្រទេសថៃ ហើយយកទៅដាក់គ្រឿងញៀននោះ ដើម្បីទម្លាក់កំហុសដាក់ ឬសំអុយឈ្មោះប្រទេសកម្ពុជាតែប៉ុណ្ណោះ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ គ្រឿងញៀនប្រភេទកេតាមីន ទម្ងន់សរុប ១.៣តោន ត្រូវអាជ្ញាធរឥណ្ឌូណេស៊ីរឹបអូសបាន។ សារធាតុនេះដឹកចេញពីប្រទេសថៃ ប៉ុន្តែបន្លំច្រកក្នុងបាវអង្កខ្មែរ។
សារព័ត៌មាន Straits Times បានចុះផ្សាយថា សារធាតុនេះ គឺច្រកក្នុងបាវចំនួន ៦៥ ដឹកតាមនាវា MV King Sun ចេញពីប្រទេសថៃ តាំងតែពីខែកុម្ភៈមកម្ល៉េះ។ក្រោយអង្គភាពប្រឆាំងគ្រឿងញៀនឥណ្ឌូណេស៊ី តាមដានអស់រយៈពេលជាច្រើនខែ នៅទីបំផុតនាវាក៏ត្រូវបានស្ទាក់ចាប់ កាលពីថ្ងៃទី៦ ខែសីហា ក្នុងដែនទឹកឥណ្ឌូណេស៊ី។
ជាមួយនឹងការស្ទាក់ចាប់នាវានេះ កងកម្លាំងឥណ្ឌូណេស៊ី ក៏ចាប់ខ្លួននាវិក ៨នាក់ផងដែរ ក្នុងនោះមានជនជាតិមីយ៉ាន់ម៉ា ៧នាក់ និងតៃវ៉ាន់ម្នាក់។ គ្រឿងញៀនទាំងនេះ ត្រូវបានសមត្ថកិច្ចអះអាងថា អាចមានតម្លៃ ១១៦.៤៩លានដុល្លារអាមេរិក៕






