បង្ក្រាបករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ឃាត់ខ្លួនបានជនសង្ស័យ ៣នាក់ និងវត្ថុតាងមួយចំនួនធំ
(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ លួចលាក់កែច្នៃ ប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់អាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។
ប្រតិបត្តិការនេះដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការបង្ក្រាបគ្រឿងញៀនក្នុងខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា កាលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត ដោដោយមានការសម្របសម្រួលពលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានចុះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ លួចលាក់កែច្នៃ ប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់អាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ប្រុស (ជនជាតិវៀតណាម២នាក់,ជនជាតិខ្មែរ ១នាក់) នៅត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុងក្រោយផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានគ្រឿងញៀន ១ចំនួនធំ, អាវុធខ្លី ១ដើម និងគ្រាប់ ៦គ្រាប់,គ្រាប់បែកកែច្នៃ ១គ្រាប់ ,ម៉ូតូ ១គ្រឿង,ទូរស័ព្ទដៃ ៨គ្រឿង,Ipad ១គ្រឿង,កាំបិត ៨ដើម,ជញ្ជីង ១គ្រឿង និងសម្ភារប្រេីប្រើប្រាស់មួយចំនួនទៀត។
ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕






