បទយកការណ៍៖ ការជីករំលើងឫសគល់បណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទទួលបានជោគជ័យមួយជំហានដ៏ធំគួរឱ្យកត់សម្គាល់
ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦–រាជរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការទ្រង់ទ្រាយធំទូទាំងប្រទេសដើម្បីបង្ក្រាប និងបោសសម្អាតបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យ៉ាងចាស់ដៃក្រោមបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងយុទ្ធនាការរយៈពេលមួយឆ្នាំ (គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦) សមត្ថកិច្ចចម្រុះបានឆ្មក់បង្ក្រាបទីតាំងសង្ស័យ និងបិទមជ្ឈមណ្ឌលស្កេមបានរហូតដល់ ៧៣៧កន្លែង បញ្ជូនជនសង្ស័យជិត ៣០០០នាក់ ទៅកាន់តុលាការ និងបណ្តេញជនបរទេសខុសច្បាប់ជាង ២១០០០នាក់ចេញពីព្រះរាជាណាចក្រកម្ពុជា។ ប្រតិបត្តិការនេះផ្តោតលើការវាយកម្ទេចមេខ្លោង និងការប្រើប្រាស់ច្បាប់ថ្មីដែលអនុញ្ញាតឱ្យផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតចំពោះអ្នករៀបចំខ្សែបណ្តាញស្កេមអនឡាញ។
ប្រតិបត្តិការបោសសម្អាតដែលបានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០២៥ រហូតដល់ពាក់កណ្តាលឆ្នាំ២០២៦នេះ គឺជាយុទ្ធនាការដ៏ធំបំផុតមិនធ្លាប់មាន ដែលប្រើប្រាស់កម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងសង្ស័យជិត ៣០០០០កន្លែង នៅទូទាំងប្រទេស ក្នុងនោះ៖ ក្នុងចំណោមទីតាំងខុសច្បាប់ដែលរកឃើញសមត្ថកិច្ចបានសម្រេចបិទចោលទាំងស្រុងនូវមណ្ឌលស្កេមអនឡាញចំនួន ៧៣៧កន្លែង។ ជាមួយគ្នានេះកាស៊ីណូចំនួន ១៩៥ ត្រូវបានបើកការស៊ើបអង្កេតយ៉ាងដិតដល់ដោយក្នុងនោះ ១៩កាស៊ីណូ ត្រូវបានដកហូតអាជ្ញាបណ្ណជាស្ថាពរ និង៣០កន្លែងទៀត ត្រូវបានសម្រេចឱ្យផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។សំណុំរឿងធំៗចំនួន ២៦៨ករណី ត្រូវបានកសាងឡើង និងបញ្ជូនទៅកាន់សាលាដំបូង ដោយមានជនសង្ស័យសរុប ២ ៧៧៣នាក់ ត្រូវបានចោទប្រកាន់ជាផ្លូវការ។ ក្នុងនោះមានជាង ២២០០នាក់ កំពុងស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ហើយជនបរទេសចំនួន ២១ ១០០នាក់ មាន ៣៨សញ្ជាតិ (រួមមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដេស។ល។) ដែលពាក់ព័ន្ធនឹងបណ្តាញឆបោក និងគ្មានឯកសារស្របច្បាប់ ត្រូវបានបណ្តេញចេញពីកម្ពុជាតាមរយៈច្រកទ្វារព្រំដែន និងអាកាសយានដ្ឋានអន្តរជាតិ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃយុទ្ធនាការបោសសម្អាតស្កេមអនឡាញ ឯកឧត្តម ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា៖« ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងនគរបាលជាតិបានបើកប្រតិបត្តិការស្រាវជ្រាវ និងឆ្មក់បង្ក្រាបដោយមិនរួញរា។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ នេះយើងបានបិទទីតាំង ស្កេមអនឡាញខុសច្បាប់បានចំនួន ៧៣៧កន្លែង ដកហូតអាជ្ញាបណ្ណកាស៊ីណូពាក់ព័ន្ធចំនួន ១៩កន្លែង និងបានបណ្តេញជនបរទេសខុសច្បាប់ចេញពីកម្ពុជាចំនួន ២១១០០នាក់»។
លោកបានបន្ថែមទៀតថា៖ «ទិន្នន័យទាំងនេះបង្ហាញពីឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលថា កម្ពុជាមិនមែនជាជម្រកសន្តិសុខ ឬជាកន្លែងលាងលុយរបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យានោះឡើយ។ អ្នកណាប្រព្រឹត្តល្មើសត្រូវតែទទួលទោសតាមច្បាប់»។
តាមរយៈការចុះបង្ក្រាបផ្ទាល់ពីកម្លាំងនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មណ្ឌលស្កេមអនឡាញទាំងនេះ មិនមែនជាការបោកប្រាស់ធម្មតានោះទេ ប៉ុន្តែវាជាឧក្រិដ្ឋកម្មដែលមានការចាត់តាំង៖ ទីតាំងនីមួយៗត្រូវបានគ្រប់គ្រងដោយមានមេការធំ ចាំបែងចែកការងារទៅឱ្យមេក្រុម (Team Leaders) ដើម្បីដាក់គោលដៅត្រួតពិនិត្យបុគ្គលិកឱ្យធ្វើសកម្មភាពឆបោក និងកត់ត្រាបញ្ជីទិន្នន័យជនរងគ្រោះយ៉ាងមានប្រព័ន្ធ។ រចនាសម្ព័ន្ធនេះត្រូវបានរៀបចំឡើងដើម្បីធានាដំណើរការឆបោកដោយខុសច្បាប់។
ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន ឧបករណ៍ប្តូរលេខទូរស័ព្ទ (VoIP) និងកម្មវិធីផ្ញើសារសម្ងាត់ ដើម្បីបិទបាំងអត្តសញ្ញាណ និងទីតាំងពិតប្រាកដរបស់ពួកគេ។ ពួកគេប្រើរូបភាពបោកប្រាស់ឱ្យវិនិយោគលើរូបិយប័ណ្ណឌីជីថលក្លែងក្លាយ (Crypto Scams) ការបោកប្រាស់បង្កើតស្នេហាតាមអនឡាញ (Romance Scams) និងការបង្កើតកម្មវិធីកម្ចីប្រាក់ខុសច្បាប់តាមអនឡាញដើម្បីល្បួងជនរងគ្រោះស្លូតត្រង់ទាំងក្នុង និងក្រៅប្រទេស ឱ្យចូលអន្ទាក់។
លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានផ្តល់ការបកស្រាយ និងព្រមានចំពោះពួកឧក្រិដ្ឋជនថា៖«ក្រុមឧក្រិដ្ឋជនទាំងនេះដំណើរការជាលក្ខណៈប្រព័ន្ធ និងមានល្បិចកលខ្ពស់ណាស់ ។ ពួកគេប្រើប្រាស់បច្ចេកវិទ្យាលាក់មុខ កត់ត្រាបញ្ជីទិន្នន័យជនរងគ្រោះយ៉ាងមានរបៀប និងបំប្លែងលុយដែលបោកប្រាស់បានទៅជារូបិយប័ណ្ណឌីជីថល (Crypto) ដើម្បីគេចវេសពីការតាមដាន»។
ឯកឧត្តម បានបន្ថែមថា៖ «ទោះជាយ៉ាងណាគ្មានឧក្រិដ្ឋជនណាអាចលាក់ខ្លួនពួនអាត្មាបានរហូតនោះទេ។ សមត្ថកិច្ចជំនាញរបស់យើងបានពង្រឹងសមត្ថភាព បច្ចេកទេស និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដើម្បីស្វែងរកខ្សែបណ្តាញ និងវាយកម្ទេចមជ្ឈមណ្ឌលបញ្ជាទាំងនោះពីខាងក្នុង» ។
របត់ដ៏សំខាន់បំផុតនៅក្នុងយុទ្ធនាការនេះគឺសមត្ថកិច្ចមិនត្រឹមតែចាប់បុគ្គលិកកម្រិតទាបនោះទេ ប៉ុន្តែបានវាយកម្ទេចដល់បណ្តាញខ្សែរយៈ និងចាប់ខ្លួនមេខ្លោងធំៗ និងធ្វើបត្យាប័នឧក្រិដ្ឋជនកម្រិតកំពូលដែលបញ្ជាពីក្រោយខ្នងនូវបណ្តាញឆបោក និងលាងលុយកខ្វក់លំដាប់អន្តរជាតិ។ មេខ្លោងធំៗជាច្រើនត្រូវបានចាប់ខ្លួន និងធ្វើបត្យាប័នបញ្ជូនទៅកាត់ទោសនៅប្រទេសចិន ក្នុងនោះរួមមានលោក Chen Zhi (ស្ថាបនិកក្រុមហ៊ុន Prince Holding Group) លោក Liu Ren (ស្ថាបនិក Jinbei Group) និងលោក Li Xiong (អតីតប្រធានក្រុមហ៊ុន Huione Group) ដែលជាមុខសញ្ញាស្កេមអនឡាញលំដាប់អន្តរជាតិ។
ដើម្បីធានាថាឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះមិនអាចងើបឡើងវិញបាន នៅខែមេសាឆ្នាំ២០២៦ កម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ យោងតាមច្បាប់ថ្មីនេះ មេខ្លោង ឬអ្នករៀបចំខ្សែបណ្តាញស្កេមអនឡាញដែលសកម្មភាពរបស់ពួកគេបង្កឱ្យមានការធ្វើទារុណកម្ម ការបង្ខាំងមនុស្សខុសច្បាប់ ឬបណ្តាលឱ្យមានមនុស្សស្លាប់នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់រហូតដល់ ១ពាន់លានរៀល។ ច្បាប់នេះផ្តល់ភាពយុត្តិធម៌ និងការការពារយ៉ាងតឹងរ៉ឹងដោយមិនចាត់ទុកបុគ្គលដែលរងការបង្ខិតបង្ខំឬត្រូវបានជួញដូរពលកម្មឱ្យធ្វើការក្នុងមណ្ឌលស្កេមជាឧក្រិដ្ឋជនឡើយ ពោលគឺពួកគេជាជនរងគ្រោះដែលត្រូវទទួលបានការសង្គ្រោះ និងការការពារ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបានដាក់ឱ្យប្រើប្រាស់ផ្លូវការ គឺជាអាវុធគតិយុត្តិដ៏មានឥទ្ធិពលបំផុត។ ច្បាប់នេះចែងច្បាស់ណាស់ថាមេខ្លោង ឬអ្នករៀបចំខ្សែបណ្តាញស្កេមអនឡាញ ដែលបង្កឱ្យមានការធ្វើទារុណកម្ម ឬការបង្ខាំងមនុស្ស នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា៖ «យើងមិនត្រឹមតែចាប់បុគ្គលិកកម្រិតក្រោមនោះទេ គោលដៅចម្បងគឺការកាត់ផ្តាច់ខ្សែសង្វាក់បទល្មើសដោយផ្ទាល់ពីមេក្លោងធំៗ។ ការចាប់ខ្លួន និងធ្វើបត្យាប័នឧក្រិដ្ឋជនកម្រិតកំពូលៗបញ្ជូនទៅកាត់ទោសនាពេលកន្លងមក គឺជាភស្តុតាងបង្ហាញថាគ្មាននរណាម្នាក់មានបុព្វសិទ្ធិអាចរស់នៅពីលើច្បាប់របស់កម្ពុជាបានឡើយ»។
ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន បង្កើនការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទាន់ហេតុការណ៍ស្តីពីបណ្តាញឆបោក ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ពីបច្ចេកវិទ្យា និងលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ កម្ពុជាសហការជាមួយផ្នែកពាក់ព័ន្ធទាំងកម្រិតជាតិ និងអន្តរជាតិ រួមគ្នាកំចាត់ការឆបោកតាមអនឡាញ ដែលកំពុងគំរាមកំហែងដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គមជាតិ។
នាពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងអញ្ជើញបណ្តាប្រទេស និងអង្គការអន្តរជាតិនានាសរុបជាង ៣០ ដើម្បីចូលរួមក្នុងសន្និសីទនេះដោយសន្និសីទនេះនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅរកការកាត់ផ្តាច់ខ្សែសង្វាក់ និងបញ្ចប់ការឆបោកតាមអនឡាញ»។
ទោះបីជាមិនទាន់មានបញ្ជីឈ្មោះផ្លូវការទាំង ៣០ប្រទេសក៏ដោយ ប៉ុន្តែតាមរយៈជំនួបការទូត និងការប្រកាសផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលកន្លងមក ប្រទេស និងស្ថាប័នមានឥទ្ធិពលទាំងនេះបានបញ្ជាក់ថាប្រាកដជាចូលរួម។ ប្រទេសឥណ្ឌាបានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងត្រៀមខ្លួនចែករំលែកបទពិសោធន៍បច្ចេកវិទ្យា។ ប្រទេសឥណ្ឌូណេស៊ីតាមរយៈអនុរដ្ឋមន្ត្រីការបរទេសលោក Arif Havas Oegroseno បានបញ្ជាក់ការគាំទ្រ និងបញ្ជូនប្រតិភូមកចូលរួម។ សហរដ្ឋអាមេរិក តាមរយៈនាយក FBI លោក Kash Patel បានបញ្ជាក់ថានឹងចាត់តាំងគណៈប្រតិភូជាន់ខ្ពស់របស់ FBI កចូលរួមដោយផ្ទាល់។ ប្រទេសចិនក្នុងនាមជាដៃគូសហប្រតិបត្តិការដ៏ជិតស្និទ្ធក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែនក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «កម្ពុជាមិនមែនជាជម្រកសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យានោះទេ ហើយយុទ្ធនាការនេះគឺជា ការបោសសម្អាតផ្ទះសម្បែង ដើម្បីស្តារកិត្តិយសប្រទេសជាតិលើឆាកអន្តរជាតិ។ ការពង្រឹងយុទ្ធសាស្ត្ររួម កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមអនឡាញ ដើម្បីបង្កើនកិច្ចសហការ និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក»។
សម្តេចធិបតីបានគូសបញ្ជាក់ផងដែរថា យុទ្ធនាការបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា សម្រេចបានជោគជ័យមួយជំហានធំគួរឱ្យកត់សម្គាល់។ ប៉ុន្តែសម្ដេចបានក្រើនរម្លឹកដល់អាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធឱ្យបន្តប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមិនដកដៃជាដាច់ខាត។ សម្តេចចាត់ទុកការជីករំលើងឫសគល់របស់បណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះគឺជាការបោសសម្អាតផ្ទះរបស់យើងឱ្យស្អាត ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងខ្លួនរបស់កម្ពុជាដើម្បីឈានទៅពង្រឹងវិស័យផ្សេងៗទៀត ពិសេសការពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។
សរុបសេចក្តីមកយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា មិនមែនជាកិច្ចប្រតិបត្តិការបណ្តោះអាសន្ន ឬធ្វើឡើងមួយឆាវនោះឡើយ ប៉ុន្តែវាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ។ អនាគតនៃសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជាត្រូវតែផ្អែកលើគ្រឹះដែលមានទំនុកចិត្ត ភាពស្អាតស្អំ និងសុវត្ថិភាពជាចម្បង។ តាមរយៈការរឹតបន្តឹងការអនុវត្តច្បាប់ដោយគ្មានការលើកលែង និងការបង្កើនកិច្ចសហការជាអន្តរជាតិ រាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ពិភពលោកថា កម្ពុជានឹងមិនអនុញ្ញាតឱ្យទឹកដីរបស់ខ្លួនក្លាយជាជម្រករបស់ឧក្រិដ្ឋជនបច្ចេកវិទ្យានោះទេ ហើយជ័យជម្នះនៅក្នុងសមរភូមិនេះ គឺជាជម្រើសតែមួយគត់ដើម្បីគូសវាសមុខមាត់ថ្មីរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕






