លោក ជួន ណារិន្ទ អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សចំនួន ១,៣៤៥នាក់ នៅក្នុងសង្កាត់បឹងទំពន់ទី១
(ភ្នំពេញ)៖ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោក ជួន ណារិន្ទ អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌមានជ័យ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បឹងទំពន់ទី១ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សចំនួន ១,៣៤៥នាក់ នៅក្នុងសង្កាត់បឹងទំពន់ទី១ នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា សមាជិកថ្មីទាំង១៣៤៥នាក់ខាងលើ មានយុវជនថ្មីចំនួន ៨៣៩នាក់។
លោក ជួន ណារិន្ទ បានថ្លែងអំណរគុណចំពោះសមាជិកថ្មីទាំង ១,៣៤៥នាក់ ដែលបានបង្ហាញឆន្ទៈ និងគោលការណ៍ស្ម័គ្រចិត្តមករួបរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយតែមួយគត់ដែលបានជួយរំដោះប្រទេសកម្ពុជាក្រោកចេញពីភ្នក់ភ្លើងសង្គ្រាមរុំារៃអស់ជាច្រើនទស្សវត្សរ៍ត្រឡប់មករកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរដូចពេលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតវាងវៃបំផុត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោក បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមាជិកគណបក្សទាំងអស់ បន្តការជឿជាក់គាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងខិតខំប្រឹងប្រែងដើម្បីបន្តកសាងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន ជាពិសេសលើការដោះស្រាយចំពោះមុខនៃវិបត្តិសេដ្ឋកិច្ចសកលពីផលប៉ះពាល់សង្រ្គាមនៅមជ្ឈិមបូព៌ា និងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។
លោក ជួន ណារិន្ទ ក៏បានអំពាវឲ្យសមាជិកបក្សនាំគ្នាចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ដែលនាំឲ្យសាធារណជនមានការយល់ច្រឡំ ហើយនាំឲ្យបង្កផលប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម៕






