លោក ឆាយ ឫទ្ធិសែន សម្ពោធអគារសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្វាយ និងពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ២១០រូប ជាសមាជិកគណបក្សប្រជាជនកម្ពុជានៅខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នភថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ អគារសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្វាយ និងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ២១០រូប ជាសមាជិកគណបក្សប្រជាជនកម្ពុជាឃុំស្វាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពិធីដ៏អធិកអធមនេះ ត្រូវបានប្រារព្ធឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ, ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង ៩, គណៈកម្មាធិការគណបក្សឃុំស្វាយ ព្រមទាំងសមាជិក សមាជិកាថ្មីចំនួន ៣១២រូប។

ជាកិច្ចចាប់ផ្ដើម លោក ឯក ម៉ូត អនុប្រធានគណៈកម្មាធិការគណបក្សឃុំស្វាយ បានធ្វើរបាយការណ៍ស្វាគមន៍អំពីស្ថានភាពទូទៅ និងការងាររបស់គណៈកម្មាធិការគណបក្សឃុំស្វាយ។ បន្ទាប់មក តំណាងសមាជិកគណបក្ស បានអានពាក្យស្នើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីការអានពាក្យសុំចូលជាសមាជិករួចមក លោកអនុប្រធានគណៈកម្មាធិការគណបក្សឃុំ បានអានសេចក្ដីសម្រេចបញ្ចូលសមាជិកគណបក្សដែលមានចំនួនសរុប ២១០រូប។ ទន្ទឹមគ្នានោះ តំណាងសមាជិកថ្មីដែលត្រូវបានទទួលស្គាល់ បានឡើងធ្វេីការប្ដេជ្ញាចិត្តក្នុងការដើរតាមគោលនយោបាយ គោរពលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស។

បន្ទាប់ពីការអានសេចក្ដីសម្រេច និងការប្ដេជ្ញាចិត្តរួចមក លោក ឆាយ ឫទ្ធិសែន បានអញ្ជើញប្រគល់សេចក្ដីសម្រេចបញ្ចូលសមាជិកជូនតំណាងសមាជិកថ្មី ចំនួន ១០រូប ជានិមិត្តរូប។

ជាមួយគ្នានេះ លោក ឆាយ ឫទ្ធិសែន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងគណៈកម្មាធិការគណបក្សឃុំ ដែលបានបំពេញតួនាទីនិងភារកិច្ចយ៉ាងល្អនាពេលកន្លងមក រហូតសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ជាក់ស្ដែងការកសាងនូវអគារសាលប្រជុំថ្មី និងសមិទ្ធផលនានា ដែលកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ។

លោកប្រធាន ក៏បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានសមាជិកថ្មីទាំង ២១០រូប ចំពោះការសម្រេចចិត្តត្រឹមត្រូវចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បានជួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។

លោកប្រធាន បានធ្វើការផ្សព្វផ្សាយជូនអង្គពិធីអំពីកត្តាចម្បងៗចំនួន ៦ចំណុច ដែលជាកត្តាជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំក្នុងរយៈពេល ៤៦ឆ្នាំមកនេះ រួមមាន៖ ទី១៖ គណបក្សមានភាពត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈទេសៈនិងគ្រប់ស្ថានភាព, ទី២៖ គណបក្សផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ធ្វើឱ្យប្រជាជនស្រឡាញ់និងជឿជាក់មកលើគណបក្ស, ទី៣៖ គណបក្សមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំពីលើរហូតដល់ក្រោម មានសមាជិកច្រើនកុះករនិងមានរបៀបរបបធ្វើការច្បាស់លាស់ ម៉ត់ចត់, ទី៤៖ គណបក្សមានជួរមន្រ្តីដែលមានជំហរស្មោះត្រង់ មានសមត្ថភាព គុណធម៌ និងសីលធម៌, ទី៥៖ គណបក្សមានការគិតគូរយ៉ាងម៉ត់ចត់ ល្អិតល្អន់ ក្នុងការកសាងជំនាន់ដែលត្រូវបន្តវេន និងទី៦៖ គណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ឥតរង្គោះរង្គើ។

ទន្ទឹមនោះដែរ លោកប្រធាន បានផ្តល់នូវអនុសាសន៍មួយចំនួនជូនដល់សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថា្នក់ ដោយត្រូវរក្សាសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងបក្សឱ្យបានរឹងមាំ និងត្រូវលក្ខណៈដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ នាពេលខាងមុខនេះ។

បន្ថែមពីនេះ លោកប្រធាន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលប្រជុំស្នាក់ការគណបក្សឃុំស្វាយនិងសមិទ្ធផលនានា ព្រមទាំងប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន ២១០រូប។ ជាកិច្ចបញ្ចប់ តំណាងគណៈកម្មាធិការគណបក្សឃុំ បានឡើងថ្លែងអំណរគុណ និងបានប្រគល់លិខិតថ្លែងអំណរគុណគោរពជូនចំពោះ ឯកឧត្តម ឆាយ ឫទ្ធិសែន។

សូមជម្រាបជូនដែរថា សមិទ្ធផលថ្មីៗដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះរួមមាន អគារសាលប្រជុំថ្មីដែលមានបណ្ដោយប្រវែង ១៥ម៉ែត្រ ទទឹង ១២ម៉ែត្រ អាចផ្ទុកសមាជិកបក្សបានប្រមាណ ៣២០នាក់ ដោយមានការបំពាក់នូវគ្រឿងសង្ហារឹម និងសម្ភារបរិក្ខារចាំបាច់មួយចំនួន, បង្គន់អនាម័យ ២បន្ទប់, កន្លែងលាងសម្អាតដៃ ២កន្លែង, ការចាក់បេតុងទីធ្លាជុំវិញនិងខាងមុខទីស្នាក់ការបក្ស, ការកែលម្អអគារទីស្នាក់ចាស់ដោយជួសជុលនិងលាបថ្នាំថ្មី, ព្រមទាំងលាបថ្នាំកែលម្អរបងបេតុងជុំវិញនិងទ្វារខាងមុខផងដែរ៕

 

You might also like