មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្រ្តស្រុកកងមាស រុះរើបំផ្លាញឧបករណ៍ល្មើស និងលែងកូនត្រីចម្រុះមួយចំនួន
កម្លាំងរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ដោយបានរុះរើ បំផ្លាញឧបករណ៍ល្មើស និងលែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញនៅក្នុងភូមិសាស្រ្តស្រុកកងមាស។
កម្លាំងរដ្ឋបាលជលផលកំពង់ចាម បានបង្ក្រាបបទល្មើសជលផល ចំនួន៣ករណីក្នុងទីតាំងផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រស្រុកកងមាសនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានរុះរើបំផ្លាញឧបករណ៍ល្មើស និងលែងកូនត្រីចម្រុះទម្ងន់ ៤៩គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ។
លោក លី ស្រី នាយខណ្ឌជល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឲ្យដឹងថា ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៥ សីហា នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកកងមាស គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ បានដោយរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖ ករណីទី១ នៅចំណុចចុងព្រែកជីក ឃុំព្រែកកុយ ស្រុកកងមាស បានរឹបអូសឧបករណ៍ស្បៃមុងចំនួន ៧មាត់ របាំងស្បៃមុងប្រវែង ១៧៥ម៉ែត្រ បង្គោលចម្រឹង ៧៥ដើម ចាក់លែងកូនត្រីចម្រុះ ២១គីឡូក្រាម ។ ករណីទី២ នៅចំណុចទំនប់រំលិច ឃុំព្រែកកុយ ស្រុកកងមាស មានឧបករណ៍ស្បៃមុងចំនួន ៩មាត់ របាំងស្បៃមុងប្រវែង ២៣០ម៉ែត្រ បង្គោលចម្រឹង ១១០ដើម ចាក់លែងកូនត្រីចម្រុះ ២៨គីឡូក្រាម។ ករណីទី៣ នៅចំណុចក្រោយវត្តមេ ស ឃុំព្រែកកុយ ស្រុកកងមាស មានឧបករណ៍លបប្រឹស១០០ ចំនួន ៦គ្រឿង។
ទន្ទឹមនឹងនេះដែរក្នុងនាមជាមន្ត្រីជំនាញនៃខណ្ឌជលផលកំពង់ចាម នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក នៅតាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយ ដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ផងដែរ៕






