NDU និង ICRC ពង្រឹងកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាល «ច្បាប់មនុស្សធម៌អន្តរជាតិ» ដល់កងទ័ពជាង ៥០០នាក់
នំពេញ ៖ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យការពារជាតិ (NDU) បានសហការជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា រៀបចំជំនួបពិភាក្សាការងារសំខាន់មួយ រួមជាមួយពិធីបើកវគ្គផ្សព្វផ្សាយស្តីពី «ច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់ ICRC និងកាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធ» ជូនដល់នាយទាហាន យោធាចារ្យ និស្សិត និងសិក្ខាកាមសរុបចំនួន ៥២០នាក់។
មុនឈានដល់ពិធីបើកវគ្គផ្សព្វផ្សាយផ្លូវការ ថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិ និងប្រតិភូ ICRC បានជួបពិភាក្សាការងារយ៉ាងជិតស្និទ្ធ ដើម្បីពិគ្រោះយោបល់លើកិច្ចសហប្រតិបត្តិការ ជួយគាំទ្រដល់កម្មវិធីសិក្សា និងការបណ្តុះបណ្តាលច្បាប់មនុស្សធម៌អន្តរជាតិនៅកម្ពុជា។ នៅក្នុងជំនួបពិភាក្សាការងារ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការត្រឡប់មកចូលរួមសហប្រតិបត្តិការឡើងវិញរវាង ICRC និងសាកលវិទ្យាល័យការពារជាតិ។ ឯកឧត្តមសាកលវិទ្យាធិការ បានរំលឹកអំពីលទ្ធផលផ្លែផ្កានានា នាពេលកន្លងមក និងបានឯកភាពរៀបចំ ជំនួបលម្អិតបន្ថែមទៀត ដើម្បីធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីសិក្សាស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ (IHL) និងច្បាប់នៃសង្គ្រាម (The Law of War) សម្រាប់និស្សិត NDU ដោយមានការបែងចែកក្រុមការងារទទួលបន្ទុកផ្នែកនីមួយៗឲ្យបានច្បាស់លាស់។
លើសពីនេះ ឯកឧត្តមសាកលវិទ្យាធិការ ក៏បានស្នើឱ្យមានការពិភាក្សាស្វែងរកប្រធានបទសំខាន់ៗ ដើម្បីដាក់បញ្ចូលក្នុង «វេទិកាសន្តិសុខជាតិ» ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។
ជាការឆ្លើយតប លោកស្រី ដូហ្សា ណាហ្សេមី សាល់មែន (Dorsa Nazemi-Salman) ប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា បានសន្យាថានឹងបន្តគាំទ្រ NDU ដោយរួមទាំងការផ្ញើសារ សហការទៅកាន់ស្ថានទូតអូស្ត្រាលី ស្ថានទូតកាណាដា និងភាគីពាក់ព័ន្ធនានា ដើម្បីកៀរគរ ការគាំទ្រដល់សាកលវិទ្យាល័យ។
ភាគីទាំងពីរបានឯកភាពបន្តរុញច្រោមការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៦ ដោយកំណត់គោលដៅ ពេលវេលា និងសមាសភាពសិក្ខាកាមឲ្យបានច្បាស់លាស់ ដោយខាង NDU នឹងចាត់ចែងសមាសភាពទទួលបន្ទុក រីឯខាង ICRC គឺមានលោក ថម កៃហ្សឺ (Tom Kaiser) ប្រធានប្រតិភូផ្នែកកងទ័ពប្រចាំតំបន់ ជាអ្នកដឹកនាំការពិភាក្សានៅពេលខាងមុខ។បន្ទាប់ពីជំនួបពិភាក្សាការងារត្រូវ បានបញ្ចប់ ពិធីបើកវគ្គផ្សព្វផ្សាយស្តីពី «ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន» ក៏បានចាប់ផ្តើមជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ ដោយមានការចូលរួមពីនាយទាហាន យោធាចារ្យ និស្សិត និងសិក្ខាកាមសរុប ៥២០នាក់។
ថ្លែងនៅក្នុងពិធីនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះមានសារសំខាន់ណាស់ ក្នុងការលើកកម្ពស់ចំណេះដឹង និងការយល់ដឹងស៊ីជម្រៅអំពីច្បាប់មនុស្សធម៌អន្តរជាតិ ដល់កងកម្លាំងប្រដាប់អាវុធ ដែលជាឆ្អឹងខ្នងការពារជាតិ សន្តិសុខ និងអធិបតេយ្យភាព។ លោកជំទាវបានបន្ថែមថា ការយល់ដឹងអំពី IHL មិនត្រឹមតែពង្រឹងសមត្ថភាពលើទីលានប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថា កងទ័ពកម្ពុជាអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិ ក្នុងការកាត់បន្ថយ ការឈឺចាប់របស់មនុស្សជាតិ និងការពារជនស៊ីវិលក្នុងពេលមានជម្លោះ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា បានសម្តែងនូវអរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC និងកាកបាទក្រហមកម្ពុជា ដែលតែងតែបំពេញបេសកកម្មមនុស្សធម៌យ៉ាងសកម្ម និងបានជួយសម្របសម្រួល កិច្ចការមនុស្សធម៌ជាច្រើន រួមទាំងការជួយ សង្គ្រោះប្រជាពលរដ្ឋភៀសខ្លួន និងយោធិនកម្ពុជា។ ឯកឧត្តមបានជឿជាក់យ៉ាងមុតមាំថា សិក្ខាកាមទាំង ៥២០នាក់ នឹងយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ ដើម្បីក្រសោបយកចំណេះដឹងទាំងនេះ ទៅអនុវត្តក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
វគ្គផ្សព្វផ្សាយនេះ គឺជាជំហានថ្មីមួយទៀត ក្នុងការឆ្លើយតបទៅនឹងប្រែប្រួល នៃសន្តិសុខសកលលោកបច្ចុប្បន្ន រួមទាំងបញ្ហាសន្តិសុខសាយប័រ (Cybersecurity) ដោយធានាថានាយទាហានកម្ពុជា ទទួលបាននូវការបណ្តុះបណ្តាល ប្រកបដោយគុណភាព និងស្របតាមបទដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងពិតប្រាកដ៕






