រដ្ឋមន្ត្រីព្រីតថេន ជួបសហគមន៍ដែលរងផលប៉ះពាល់ពីភាពតានតឹងតាមបណ្តោយព្រំដែន ដើម្បីឈ្វេងយល់ដោយផ្ទាល់អំពីបញ្ហាប្រឈម ដែលគ្រួសារកំពុងជួបប្រទះ
នៅគោកប្រាសាទ ខេត្តឧត្តរមានជ័យ លោកស្រី Baroness Winterton រដ្ឋមន្ត្រីព្រីតថេន ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានចុះជួបសហគមន៍ដែលរងផលប៉ះពាល់ពីភាពតានតឹងតាមបណ្តោយព្រំដែន ដើម្បីស្វែងយល់ដោយផ្ទាល់អំពីបញ្ហាប្រឈមដែលគ្រួសារកំពុងជួបប្រទះ និងភាពខុសគ្នាដែលការគាំទ្ររបស់ព្រីតថេនកំពុងបង្កើតឡើង។
លោកស្រីបានឃើញដោយផ្ទាល់នូវកម្មវិធីអប់រំដែលគាំទ្រដោយព្រីតថេន បានជួបកុមារដែលមានភាពក្លាហាន និងដែលបានឆ្លងកាត់បទពិសោធន៍លំបាក ប៉ុន្តែនៅតែបន្តខិតខំសិក្សា ព្រមទាំងបានស្តាប់ពីគ្រួសារ និងថ្នាក់ដឹកនាំសហគមន៍អំពីអាទិភាព និងតម្រូវការរបស់ពួកគេ។
ជាមួយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ លោកស្រី រដ្ឋមន្ត្រីបានពិភាក្សាអំពីរបៀបដែលព្រីតថេនអាចបន្តធ្វើការជាមួយដៃគូក្នុងស្រុកដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងជួយឱ្យកុមារអាចបន្តសិក្សានៅសាលារៀន។
ក្នុងគ្រាលំបាក ការចុះជួប និងស្តាប់អ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់ គឺមានសារៈសំខាន់។ ភាពជាដៃគូ និងកិច្ចសន្ទនាក៏មានសារៈសំខាន់ផងដែរ។ ព្រីតថេនប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា និងដៃគូ ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ ជួយឱ្យកុមារបន្តការសិក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិ និងកិច្ចសន្ទនាដោយសន្តិវិធីរវាងថៃ និងកម្ពុជា។






