កម្ពុជា មានកសិដ្ឋានចិញ្ចឹមគោជិត១០០កសិដ្ឋាន ខណៈតម្រូវការទីផ្សារនាំចេញកំពុងកើនឡើង
ភ្នំពេញ៖ ការចិញ្ចឹមគោជាលក្ខណៈពាណិជ្ជកម្មនៅកម្ពុជា កំពុងមាននិន្នាការរីកចម្រើនជាបន្តបន្ទាប់ ដោយសារតម្រូវការទីផ្សារពីប្រទេសជិតខាង និងទីផ្សារអន្តរជាតិមានការកើនឡើង។ បច្ចុប្បន្ន កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោជិត១០០កសិដ្ឋាន ដែលភាគច្រើនផ្តោតលើការចិញ្ចឹមគោយកសាច់ដែលនាំចូលពូជមកពីប្រទេសអូស្រ្តាលី។
លោក ស៊ាង សុខលីម អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ន ការចិញ្ចឹមគោនៅប្រទេសកម្ពុជាជាលក្ខណៈពាណិជ្ជកម្មកំពុងតែមានការរីកចម្រើនជាលំដាប់។ ជាក់ស្តែង គិតមកដល់ពេលនេះ កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោចំនួនជិត ១០០កសិដ្ឋាន ក្នុងចំណោមនោះ ភាគច្រើនជាកសិដ្ឋានចិញ្ចឹមគោយកសាច់ដែលបាននាំចូលពូជមកប្រទេសអូស្ត្រាលី ត្រូវបានវិនិយោគនៅកម្ពុជា ដោយក្រុមហ៊ុនបរទេស។
លោកបញ្ជាក់ទៀតថា ក្នុងរយៈពេល ៧ខែដើមឆ្នាំ ២០២៦នេះ កម្ពុជាបាននាំចេញគោយកសាច់ចំនួនជិត ១ម៉ឺនក្បាលទៅទីផ្សារក្រៅប្រទេស ហើយរំពឹងថា បរិមាណនាំចេញគោនឹងបន្តកើនឡើងថែមទៀត។ ដោយសារតម្រូវការទីផ្សារហក់ឡើង លោកបានអំពាវនាវដល់ប្រជាកសិករដែលមានលទ្ធភាពគួរពង្រីកការចិញ្ចឹមបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារអន្តរជាតិ។ បច្ចុប្បន្ន កម្ពុជាបានចិញ្ចឹមគោកយកសាច់ទាំងជាលក្ខណៈគ្រួសារ និងជាលក្ខណៈពាណិជ្ជកម្ម មានចំនួនប្រមាណ ៣លាន ៥ សែនក្បាល។
លោកមានប្រសាសន៍ថា៖ «សក្តានុពលនៃអនុវិស័យចិញ្ចឹមសត្វ ជាពិសេស សម្រាប់សក្តានុពលការចិញ្ចឹមគោសម្រាប់នាំចេញ នៅកម្ពុជាកំពុងមានសក្តានុពលល្អសម្រាប់ពង្រីកការចិញ្ចឹម ពីព្រោះទីផ្សារនៅក្រៅប្រទេសសម្រាប់សាច់គោមានតម្លៃល្អ និងតម្រូវការទីផ្សារកើនឡើង»។
ចំណែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា ការចិញ្ចឹមគោជាលក្ខណៈពាណិជ្ជកម្ម ដើម្បីនាំចេញ កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន កម្ពុជាស្ទើរតែមិនមានការនាំចូលគោពីបរទេសទៀតទេ។ គោដែលចិញ្ចឹមសម្រាប់នាំចេញ ត្រូវបានយកចិត្តទុកដាក់លើគុណភាព និងស្តង់ដារខ្ពស់ ហើយភាគច្រើនចិញ្ចឹមនៅក្នុងកសិដ្ឋានធំៗ ដែលមានគោរាប់ម៉ឺនក្បាល។
របាយការណ៍ការប្រចាំឆ្នាំ២០២៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបានកើនសរុបដល់ ៣០,៥៣លានក្បាល កើនឡើង ៣,៤៨% បើធៀបនឹងឆ្នាំ២០២៤។ ក្នុងចំណោមនោះ ការចិញ្ចឹមគោជាលក្ខណៈពាណិជ្ជកម្ម មានចំនួន ៩៨, ៨៦៦ក្បាល់ កើនឡើង ៨២,១១% ដែលមានអត្រាកំណើនខ្ពស់ជាងគេក្នុងអនុវិស័យចិញ្ចឹមសត្វ។ ទន្ទឹមនឹងនេះ កម្ពុជាមានលទ្ធភាពនាំចេញគោ-ក្របី មាន់ ស្វាក្តាម និងទឹកដោះគោទៅទីផ្សារបរទេស។ ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញគោ-ក្របីចំនួន ១៩,១៨០ក្បាល និងជ្រូកពូជ ចំនួន ១,១២០ក្បាល៕






