ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ ប្រចាំខែសីហា
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ សរុបប្រមាណ ៤៥០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវ ជាពិសេសការពន្លឿនការចេញបណ្ណកម្មសិទ្ធិដែល នៅសេសសល់ ជូនប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ។
ក្រៅពីការស្តាប់ការចូលរួមមតិលើទិសដៅការងារ បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងដាក់ចេញនូវដំណោះស្រាយ ឯកឧត្តមប្រធានបានធ្វើការណែនាំបន្ថែមដល់មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធឱ្យ ត្រៀមលក្ខណៈដើម្បីឆ្លើយតប និងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ក្នុងករណីជួបប្រទះនូវគ្រោះមហន្តរាយនានាជាយថាហេតុ ជាពិសេស ហានិភ័យដែលអាចកើតចេញពីបាតុភូត El Niño (អែល នីញ៉ូ) ដែលអាចនឹងបង្កការរាំងស្ងួតប៉ះពាល់ដល់វិស័យកសិកម្ម មនុស្ស និងសត្វ។
ជាទីបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំបានអំពាវនាវដល់ក្រុមការងារ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ បន្តខិតខំរួមគ្នាអនុវត្តសេចក្តីសម្រេចស្តីពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ប្រតិទិនការងារដែលបានដាក់ចេញ និងសេចក្តីណែនាំនានារបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ព្រមទាំងទិសដៅការងារសម្រាប់ខែកញ្ញាខាងមុខ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ក្នុងស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុង ។






