គួរឱ្យបារម្ភណាស់! រថយន្តពាក់ស្លាកលេខ សៀមរាប 2C-6803 ដឹកឈើប្រណិតពេញបន្ទុក នៅស្រុករវៀង ធ្វើមិនដឹងមិនឮ ឬមានការឃុបឃិតពីសមត្ថកិច្ចពាក់ព័ន្ធ?
(ខេត្តព្រះវិហារ៖) នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៦ រសៀល ប្រជាពលរដ្ឋ និងសេចក្តីរាយការណ៍ពីមូលដ្ឋានបានទម្លាយឱ្យដឹងថា មានករណីដឹកជញ្ជូនផល និងអនុផលឈើប្រណិតយ៉ាងសកម្ម ដោយប្រើប្រាស់រថយន្តទំនើបម៉ាក ធុនរ៉ា (Tundra) ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C-6803 ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងរលូន នៅចំណុចភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ។ អ្វីដែលជាការកត់សម្គាល់ និងធ្វើឱ្យមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងនោះ គឺទោះបីជារថយន្តទំនើបដឹកឈើនេះធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យបែបនេះក្តី ក៏គេពុំឃើញមានមន្ត្រីជំនាញ ឬសមត្ថកិច្ចមូលដ្ឋានណាម្នាក់ចេញមុខអើពើ ហាមឃាត់ ឬចុះទប់ស្កាត់សោះឡើយ។
ជុំវិញភាពស្ងៀមស្ងាត់នេះ ប្រភពព័ត៌មានខ្សឹបខ្សៀវពីមូលដ្ឋានបានទម្លាយឱ្យដឹងថា រថយន្តដឹកឈើខាងលើនេះ ត្រូវបានគេអះអាងថា «បានរត់ការបាយទឹក និងត្រូវរ៉ូវជាមួយសមត្ថកិច្ចព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានរួចរាល់អស់ហើយ ទើបអាចបើកបរឆ្លងកាត់ដោយសុវត្ថិភាពបែបនេះ»។
ប្រជាពលរដ្ឋបានរិះគន់ចំៗថា ទង្វើបែបនេះហើយដែលសង្គមហៅថាជា «មន្ត្រីជួបលុយអណ្តែតទឹក» គឺគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន បណ្តោយឱ្យធនធានធម្មជាតិត្រូវបំផ្លិចបំផ្លាញយ៉ាងរលូន។
តើលោកប្រធានមន្ទីរបរិស្ថាន លោកមេបញ្ជាការកងរាជអាវុធហត្ថ និងលោកអភិបាលស្រុករវៀង បានជ្រាបពីករណីនេះហើយឬនៅ ឬមួយក៏ត្រូវរង់ចាំឱ្យគេកាប់បំផ្លាញអស់ទើបក្រោកមកមើល?៕






