ពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សាធារណជន ជឿជាក់ថា កេរ្ដិ៍ឈ្មោះរបស់កម្ពុជា នឹងត្រូវបានស្ដារឡើងវិញ នៅលើឆាកអន្តរជាតិ បន្ទាប់ពីរាជរដ្ឋាភិបាល ប្រកាសអំពីជោគជ័យ ក្នុងការបិទបញ្ចប់មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងធានាបានថា កម្ពុជាគ្មានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបន្តទៀត។
លោក ម៉ក់ ផន ប្រជាពលរដ្ឋរស់នៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះ ថា កាលពីមុន លោកតែងតែទទួលបានសារ ពីលេខទូរស័ព្ទដែលមិនស្គាល់ សរសេរជាភាសាខ្មែរ និងភាសារបរទេស ណែនាំឱ្យលោកលេងល្បែងស៊ីសងជាមួយពួកគេ។ ប៉ុន្ដែលោកមិនធ្លាប់បានសាកល្បងនោះឡើយ ពីព្រោះលោកធ្លាប់បានឃើញការណែនាំរបស់អាជ្ញាធរ ឱ្យប្រុងប្រយ័ត្នចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តាមរយៈការខិតខំបង្រ្កាបបច្ចុប្បន្ននេះ លោកសង្កេតឃើញថា សារតាមទូរស័ព្ទទម្រង់បោកបញ្ឆោតដូចមុន មិនមានផ្ញើមកទៀតទេ។ លោកត្រេកអរ ដែលរាជរដ្ឋាភិបាល ខិតខំបោសសម្អាតមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រហូតទទួលជោគជ័យនាពេលនេះ។
លោក ធឿន ចន្ធី ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រាប់ថា លោកកត់សម្គាល់ឃើញពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាក់ស្ដែងទីតាំងឆបោកជាច្រើនត្រូវបានបង្រ្កាប ហើយក្រុមឧក្រិដ្ឋជន ក៏ត្រូវបានផ្ដន្ទាទោស ដាក់ពន្ធនាគារ និងបណ្ដេញចេញពីកម្ពុជាផងដែរ។ លោកថា កិច្ចខិតខំរបស់រាជរដ្ឋាភិបាល គឺជាការការពារសន្ដិសុខពលរដ្ឋ និងជាការលាងជម្រះកេរ្ដិ៍ឈ្មោះកម្ពុជាលើឆាកអន្ដរជាតិ។
ចំណែកលោកស្រី ហង្ស សុវណ្ណរស្មី ពលរដ្ឋរស់នៅក្នុងខេត្តកណ្ដាល មួយរូបទៀត លើកឡើងថា ការសម្អាតបានទាំងស្រុង មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងជួយបង្កើតបរិយាកាស ប្រកបដោយសុខសុវត្ថិភាព និងបង្កើនទំនុកចិត្តឡើងវិញ ទាំងសម្រាប់ភ្ញៀវទេសចរបរទេស និងវិនិយោគិនអន្តរជាតិ ដែលមានបំណងមកបណ្ដាក់ទុននៅកម្ពុជា។
សូមជម្រាបជូនថា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចឹកវិទ្យា (គ.ប.ឆ.ប) បានថ្លែងប្រាប់អង្គទូតបរទេស កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថា ក្រោមប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំ យ៉ាងយ៉ាងម៉ឺងម៉ាត់លើមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រយៈពេលជាង ១ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០២៥មក ពេលនេះកម្ពុជា គ្មានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៀតទេ។ ហើយរាជរដ្ឋាភិបាល បន្តបើកចំហគ្រប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់មិនឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យវិលត្រឡប់មកវិញ និងដើម្បីលើកកម្ពស់តួនាទីរបស់កម្ពុជា ក្នុងការរួមចំណែកឱ្យកាន់តែខ្លាំងថែមទៀត ក្នុងកិច្ចខិតខំប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងតំបន់ និងនៅលើពិភពលោក៕






