ប្រេសិតពិសេសរបស់នាយករដ្ឋមន្រ្តីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ជួបក្រុមការងារ AOT នៅខេត្តព្រះវិហារ ដើម្បីស្វែងយល់ស្ថានភាពព្រំដែនកម្ពុជា-ថៃ
(ព្រះវិហារ)៖ គណៈប្រតិភូប្រេសិតពិសេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងរដ្ឋនានា ដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រេសិតពិសេសរបស់សម្ដេចមហាបវរធិបតី នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានជួបប្រជុំជាមួយក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅសាលប្រជុំក្រុមអ្នក សង្កេតការណ៍ ស្នាក់ការទី១ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីស្ថានភាព និងការវិវឌ្ឍថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងប្រមូលព័ត៌មានពាក់ព័ន្ធ ដើម្បីរៀបចំរបាយការណ៍ស្តីពីស្ថានភាពដែលកម្ពុជាចោទប្រកាន់ថា មានការឈ្លានពាន និងការបន្តគ្រប់គ្រងដោយខុសច្បាប់ពីសំណាក់យោធាថៃ លើដែនអធិបតេយ្យភាពរបស់កម្ពុជា។
ព័ត៌មាន និងស្ថានភាពដែលទទួលបានពីក្រុមការងារ ត្រូវបានគេរំពឹងថា នឹងក្លាយជាផ្នែកមួយសម្រាប់រៀបចំរបាយការណ៍ជូនដល់សមាជិក នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជ្រាប និងពិនិត្យពិចារណាអំពីស្ថានភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំនេះក៏ជាផ្នែកមួយ នៃការងាររបស់គណៈប្រតិភូប្រេសិតពិសេស ក្នុងការស្វែងយល់ពីព័ត៌មានជាក់ស្តែងនៅមូលដ្ឋាន និងស្ថានភាពជាក់ស្តែងតាមតំបន់ព្រំដែនផងដែរ៕




























