សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះមរណភាពភរិយាជាទីស្រឡាញ់

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា ផ្ញើសាររំលែកទុក្ខ ជូនអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត Tun Dr. Mahathir Mohamad ចំពោះមរណភាពភរិយាជាទីស្រឡាញ់ គឺលោកស្រីវេជ្ជបណ្ឌិត Tun Dr. Siti Hasmah Mohamad Ali ដែលជាវេជ្ជបណ្ឌិត អ្នកត្រួសត្រាយផ្លូវ និងអ្នកតស៊ូមតិសុខភាពសាធារណៈជាទីគោរពដ៏ខ្ពង់ខ្ពស់ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងជន្មាយុ១០០ឆ្នាំ នៅរាជធានីគូឡាឡាំពួរ។
សាររំលែកទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖ «ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងអំពីមរណភាព នៃភរិយាជាទីស្រឡាញ់របស់ឯកឧត្តមវេជ្ជបណ្ឌិត គឺលោកជំទាវវេជ្ជបណ្ឌិត Tun Dr. Siti Hasmah Mohamad Ali វេជ្ជបណ្ឌិត, អ្នកត្រួសត្រាយផ្លូវ និងអ្នកតស៊ូមតិសុខភាពសាធារណៈជាទីគោរពដ៏ ខ្ពង់ខ្ពស់ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងជន្មាយុ១០០ឆ្នាំ នៅរាជធានីគូឡាឡាំពួរ។
ក្នុងវេលាដ៏លំបាកនេះ តាងនាមព្រឹទ្ធសភាកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែក នូវសេចក្តីអាណិតអាសូរដ៏ជ្រាលជ្រៅ និងសមានទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តមវេជ្ជបណ្ឌិត ក្រុមគ្រួសារ ព្រមទាំងរាជរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ីទាំងមូល ចំពោះការបាត់បង់ដ៏ធំធេងនូវអ្នកដឹកនាំឆ្នើម និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដែលបានលះបង់ពេញមួយជីវិតរបស់លោកជំទាវវេជ្ជបណ្ឌិត បម្រើ សាធារណៈដោយបានបម្រើការងារដោយមិនអាត្មានិយមក្នុងតួនាទីជាវេជ្ជបណ្ឌិត ព្រមទាំងតស៊ូមតិដើម្បី លើកកម្ពស់សុខភាពមាតា អក្ខរកម្ម ការបង្ការការប្រើប្រាស់គ្រឿងញៀន និងសុខភាពផ្លូវចិត្ត ជាដើម។
ជាងនេះទៀត កិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការលះបង់ដ៏ធំធេងរបស់លោកជំទាវ វេជ្ជបណ្ឌិត Tun Dr. Siti Hasmah Mohamad Ali បានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើទំនើបភាវូបនីយកម្ម វិស័យគាំពារសុខភាពម៉ាឡេស៊ី ដោយបានចូលរួមចំណែកដ៏ធំធេងដល់វឌ្ឍនភាពរីកចម្រើនគួរឱ្យកត់ សម្គាល់ដែលប្រជាជាតិម៉ាឡេស៊ីទទួលបានរហូតបច្ចុប្បន្ននេះ។ លោកជំទាវវេជ្ជបណ្ឌិត និងមរតករបស់ គាត់ នឹងត្រូវបានចងចាំដោយប្រជាជនជាច្រើនជំនាន់។
សូមវិញ្ញាណក្ខន្ធ លោកជំទាវវេជ្ជបណ្ឌិត Tun Dr. Siti Hasmah Mohamad Ali ទៅកាន់សុគតិ ភពកុំបីឃ្លៀងឃ្លាតឡើយ»៕

You might also like