ទឹកហូរច្រោះបាក់ស្ទើរពាក់កណ្ដាល នៅត្រង់ចំណុចភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត
ខេត្តបាត់ដំបង ៖ មន្ត្រីជំនាញនៃមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត នៅថ្ងៃទី ២៨ កញ្ញា ឆ្នំា២០២៦នេះ បាននិងកំពុងរុះរាន់ប្រើគ្រឿងចក្រជួសជុលកំណាត់ផ្លូវលេខ៥៧.៧ ដែលត្រូវទឹកហូរច្រោះបាក់ស្ទើរពាក់កណ្ដាល នៅត្រង់ចំណុចភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ដើម្បីបានអ្នកដំណើរឆ្លងកាត់ពេញលេញឡើងវិញ ។
កំណាត់ផ្លូវជាតិលេខ៥៧.៧ ដែលរងការបាក់ស្រុតនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ កញ្ញា ដោយសារទឹកហូរច្រោះ ។ គ្រោះធម្មជាតិបានបំផ្លាញផ្លូវនេះ ស្ទើរអស់ពាក់កណ្ដាលទ្រូងផ្លូវ ដែលធ្វើឲ្យអ្នកដំណើរតាមយានយន្តជួបការលំបាក និងបារម្ភពីគ្រោះថ្នាក់ ។ ដីផ្លូវបានបាក់ដាច់ធ្លាក់ចូលទៅកាន់អូរនៅក្បែរនោះ ដែលមានទំហំច្រើនម៉ែត្រ ។
អភិបាលស្រុកសំឡូត លោក ហ៊ុន ធឿន បានថ្លែងប្រាប់ថា ចំណុចផ្លូវដែលបាក់ស្រុតនោះ មានប្រព័ន្ធលូ ដែលរំដោះទឹកទម្លាក់ទៅកាន់អូរនៅផ្នែកខាងក្រោមនៃម្ខាងផ្លូវ ហើយដោយសារតែទឹកអូរនៅប៉ែកខាងក្រោមនៃផ្លូវហូច្រោះដាច់មាត់លូម្ដងបន្តិចៗ ទើបធ្វើឲ្យបាក់ស្រុតកាន់តែខ្លាំង ស្ទើរដល់ពាក់កណ្ដាលផ្លូវ ធ្វើឲ្យអ្នកដំណើរមានការព្រូយបារម្ភពីហានិភ័យ ។
លោកបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ កញ្ញា នេះ មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងប្រើប្រាស់គ្រឿងចក្រជួសជុលឡើងវិញ ប៉ុន្តែពេលនេះ អាចឆ្លងកាត់បានតែរថយន្តធុនតូច រីឯរថយន្តដឹកទំនិញធុនធ្ងន់មិនទាន់អនុញ្ញាតឱ្យឆ្លងកាត់នៅឡើយទេ ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេតត្ត លោក ព្រួញ រិទ្ធថា ដែលបានចុះពិនិត្យផ្ទាល់បានមានប្រសាសន៍ដែរថា កំណាត់ផ្លូវដែលបាក់ស្រុតនោះ មានប្រវែងប្រហែល៥០ម៉ែត្រ ស្ថិតលើចម្រាក់មាត់អូរ ។ ពេលនេះ មន្ត្រីជំនាញរបស់លោក បាននិងកំពុងធ្វើការជួសជុលឡើងវិញហើយ ប៉ុន្តែត្រូវការចំណាយពេលយូរដែរ ប៉ុន្តែអ្នកដំណើរអាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ។
លោកប្រធានមន្ទីរបានបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី២៨ កញ្ញា នេះ ស្ថានភាពទឹកនៅតំបន់ខាងលើ បានធូរស្រាលវិញហើយ ។ រាល់ការកកស្ទះតាមកំណាត់ផ្លូវនានា និងតាមបណ្ដាស្ពានដែលលិចលង់លើកំណាត់ផ្លូវជាតិលេខ៥៧ ឬលេខ៥៧.៧ បាត់ដំបង-ប៉ៃលិន ឬ បាត់ដំបង-សំឡូត អាចធ្វើដំណើរឆ្លងកាត់បានស្រួលវិញអស់ហើយ ។ ពេលនេះ មន្ត្រីជំនាញរបស់លោកបាននិងកំពុងមមារញឹក ធ្វើការជួសជុលតាមកំណាត់ផ្លូវជាតិនានា ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនេះ ដើម្បីជួយសម្រួលជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ៕






