ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ជាបន្តបន្ទាប់ ក្រោយចូលលួចទ្រព្យសម្បត្តិក្នុងហាងលក់ទូរស័ព្ទដៃមួយកន្លែង បណ្តាលអោយបាត់ទូរស័ព្ទ និង iPad ជាង ៥០គ្រឿង

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ជាបន្តបន្ទាប់ ក្រោយចូលលួចទ្រព្យសម្បត្តិក្នុងហាងលក់ទូរស័ព្ទដៃមួយកន្លែង បណ្តាលអោយបាត់ទូរស័ព្ទ និង iPad ជាង ៥០គ្រឿង ។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីមានហេតុការណ៍ចោរកម្មមួយបានកើតឡើងកាលពីវេលាម៉ោង ០២និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចហាងលក់ទូរស័ព្ទ «ហ៊ា រ៉ា» ផ្ទះលេខ៥៨ ផ្លូវ៦៣ ភូមិ០៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចជំនាញបានសហការជាមួយនគរបាលខណ្ឌដូនពេញ បើកការស្រាវជ្រាវតាមស្វែងរកជនសង្ស័យរយៈពេល ៩ថ្ងៃ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅចំណុចក្បែរចេតិយ (វត្តកោះ) ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យបានលួចយកទូរស័ព្ទដៃ និង iPad អស់ប្រមាណ ៥៣គ្រឿង រួចក៏គេចខ្លួនបាត់ស្រមោល រហូតមកដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា ជនសង្ស័យ បន្ទាប់ពីធ្វើសកម្មភាពលួចរួច នាំគ្នាមកពួនសម្ងំនៅក្បែរចេតិយ ក្នុងវត្តកោះ ។ ភ្លាមៗ សមត្ថកិច្ច ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមមានឈ្មោះ ផាន់នី អ៊ីបញ្ញា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ស្នាក់នៅក្នុងវត្តកោះ) និងឈ្មោះ ពិន វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (ស្នាក់នៅក្នុងវត្តកោះ) ។
ជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងជំនាញនៃកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like