អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើង ០៧នាក់ ពាក់ព័ន្ធហិង្សាដោយចេតនា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ!

អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីមានក្រុមក្មេងទំនើងមួយក្រុម ប្រដាប់ដោយដំបង និងដុំថ្ម បានធ្វើសកម្មភាពវាយទៅលើ ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតនៅចំណុចផ្លូវ ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតឈានដល់ការឃាត់ខ្លួនក្មេងទំនើងបានចំនួន ០៧នាក់ បញ្ជូនទៅ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក ៖ ម៉ូតូចំនួន ០៤គ្រឿង, ដុំថ្មចំនួន០៦ដុំ រួមនឹងសម្ភារៈមួយចំនួនទៀត។

ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៧នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន។

ក្មេងទំនើងទាំង០៧នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

You might also like