សម្តេចធិបតី ដឹកនាំរដ្ឋមន្ត្រីក្រសួង៤ ពិនិត្យស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីលើ ដោយផ្ទាល់នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន បានឱ្យដឹងថា លោករដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសាទឹកជំនន់ដោយផ្ទាល់ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនៃការអញ្ជើញ ចុះពិនិត្យស្ថានភាពទឹកជំនន់នោះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ដ្រីក្រសួងធនធនទឹក និងឧតុនិយម រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរខេត្តទាំងពីរ ផងដែរ។
ការអញ្ជើញចុះអន្តរាគមន៍ភ្លាមៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលនេះ ធ្វើឡើងដើម្បីសួរសុខទុក្ខ និងដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋ តាមរយៈការរៀបចំវិធានការ ជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា៕

You might also like