មនុស្សម្នាក់បានរងរបួសធ្ងន់ ហើយ១៤នាក់ផ្សេងទៀតរងរបួសស្រាល ខណៈដែលជិះរថយន្តតាក់ស៊ី១គ្រឿង រេចង្កូតធ្លាក់ផ្លូវជាតិលេខ៤ បង្កឱ្យមានការភ្ញាក់ផ្អើល

ខេត្តកំពង់ស្ពឺ៖ មនុស្សម្នាក់បានរងរបួសធ្ងន់ ហើយ១៤នាក់ផ្សេងទៀតរងរបួសស្រាល ខណៈដែលជិះរថយន្តតាក់ស៊ី១គ្រឿង រេចង្កូតធ្លាក់ផ្លូវជាតិលេខ៤ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ច ក្រោយកើតហេតុអ្នកបើកបររថយន្តភ័យពេករត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍រថយន្តតាក់ស៊ីដឹកអ្នកដំណើររេចង្កូតក្រឡាប់ធ្លាក់ផ្លូវ បានកើតឡើង កាលពី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨៩ ទៅលេខ៩០ ស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាក សាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BG-4406 (ជារថយន្តតាក់ស៊ី) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់) បានដឹកអ្នកដំណើរចំនួន១៥ រួមមានឈ្មោះ ១-ឈ្មោះ ផ្លោក សំអូន ភេទស្រី អាយុ៣៦ឆ្នាំ ២-ឈ្មោះ សៀន រ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ៣-ឈ្មោះ រ៉ា ធារា ភេទប្រុស អាយុ១៧ឆ្នាំ ៤-ឈ្មោះ សៀន ថន ភេទប្រុស អាយុ១៧ឆ្នាំ ៥-ឈ្មោះ សៀន ចន្ទ្រា ភេទស្រី អាយុ១៤ឆ្នាំ ៦-ឈ្មោះ រី ធារៈ ភេទប្រុស អាយុ១៦ឆ្នាំ ៧-ឈ្មោះ ជិន វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ ៨-ឈ្មោះ ថាង អៀង ភេទប្រុស អាយុ៤០ឆ្នាំ៩-ឈ្មោះ ជិន ចម ភេទប្រុស អាយុ៣៦ឆ្នាំ ១០-ឈ្មោះ អៀង ស្រីនិច ភេទស្រី អាយុ៥ឆ្នាំ (ក្មេង) អ្នកទាំង១០នាក់រស់នៅក្នុងភូមិគីរីវន្ត ឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ ១១-ឈ្មោះ លី តួត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសុភី ឃុំស្វាយ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ១២-ឈ្មោះ លឹង ធី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឈូក ឃុំខ្នាពោធិ៍ ស្រុកសូនិគម ខេត្តសៀមរាប ១៣-ឈ្មោះ ប៉ែន ចន្ថន ភេទប្រុស អាយុ៤៦ឆ្នាំ ១៤-ឈ្មោះ សេន សោម ភេទប្រុស អាយុ២៥ឆ្នាំ ទាំង០២នាក់រស់នៅភូមិត្រាំកង់ ឃុំជន្លស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប និង១៥-ឈ្មោះ អៀង បូរីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកក់ ឃុំជប់គីរី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
រថយន្តខាងលើ បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតពីជើងត្បូង ធ្លាក់ផ្លូវដោយខ្លួនឯង បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ឈ្មោះ(សៀន រ៉ា បាក់ជើងខាងឆ្វង) ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗ។ ហើយរងរបួសស្រាលចំនួន១៤នាក់ ផ្សេងទៀត ក្នុងនោះមានស្រីចំនួន៣នាក់។
នគរបាលស្រុកភ្នំស្រួចបានបន្តទៀតថា ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែង រងការខូចខាតរថយន្ត១គ្រឿង កំរិតស្រាល។
នគរបាលស្រុកភ្នំស្រួចបានបន្តឱ្យដឹងទៀតថា បច្ចុប្បន្នរថយន្តតាក់ស៊ីដែលរងការខូចខាតត្រូវបានអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបណ្ដោះអាសន្ន រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

You might also like