ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យករណីបាក់ស្រុតច្រាំងទន្លេ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ ចំនួន ២ ទីតាំង ប្រវែងសរុប ៩០ម៉ែត្រ

ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលធនធានទឹក និងឧតុនិយមខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ សហការជាមួយអាជ្ញាធរដែនដី ដឹកនាំដោយ លោក ម៉ែន វណ្ណា អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ចុះពិនិត្យផ្ទាល់លើករណីបាក់ស្រុតច្រាំងទន្លេ ចំនួន ២កន្លែង ស្ថិតក្នុងឃុំព្រែកសាមាន់ ស្រុកឆ្លូង ខេត្តក្រចេះ។
តាមការពិនិត្យជាក់ស្តែង ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ការបាក់ស្រុតច្រាំងទន្លេនេះមានប្រវែងសរុបប្រមាណ ៩០ម៉ែត្រ ក្នុងនោះរួមមាននៅភូមិឈើទាលភ្លោះ ប្រវែង ៥០ម៉ែត្រ និងភូមិសណ្ដារ ប្រវែង ៤០ម៉ែត្រ ដែលបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង និងរុះរើផ្ទះប្រជាពលរដ្ឋចំនួន ៧ខ្នង។ បន្ថែមពីនេះ នៅក្នុងតំបន់នេះមានការបាក់ស្រុតច្រាំងទន្លេសរុបប្រមាណ ១ ២០០ម៉ែត្រ ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋរស់នៅតាមបណ្តោយច្រាំងចំនួន ១៣៧ខ្នង ស្មើនឹង ១៨៧គ្រួសារ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ សហការជាមួយអាជ្ញាធរមូលដ្ឋាន អនុវត្តវិធានការឆ្លើយតបបន្ទាន់ ដោយត្រូវកំណត់តំបន់គ្រោះថ្នាក់ ដាក់រនាំង ខ្សែសុវត្ថិភាព និងបំពាក់ផ្លាកសញ្ញាព្រមានដែលមានចំណាំងផ្លាត ឬភ្លើងសញ្ញានៅពេលយប់។ ទន្ទឹមនឹងនេះ ត្រូវរៀបចំផ្លូវវាងសុវត្ថិភាព ដាក់កម្លាំងប្រចាំការសម្រួលចរាចរណ៍ និងទប់ស្កាត់ការឆ្លងកាត់តំបន់ប្រឈម ជាពិសេសកុមារតូចៗ ព្រមទាំងផ្សព្វផ្សាយព័ត៌មានជាបន្ទាន់តាមរយៈមេភូមិ និងឧគ្ឃោសកសព្ទ (មេក្រូ) ដើម្បីឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

 

You might also like