ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ​ជូននិស្សិត​សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច

(បាត់ដំបង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យា​ល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បង្ហាញក្តីសោមនស្សរីករាយ​ បានអញ្ជើញជាថ្មីមកប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រច្រើនជាងគេ និងច្រើនកន្លែង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសិក្សាទម្រាំបញ្ចប់ថ្នាក់បរិញ្ញាបត្រ បានចំណាយពេលវេលាយូរ និងឆ្លងកាត់ការលំបាកច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋទទួលបានការអប់រំខ្ពស់ រាជរដ្ឋាភិបាល បានដាក់ចេញនយោបាយពង្រាយសាលាកម្រិតឧត្តមសិក្សាទៅតាមខេត្ត។ បច្ចុប្បន្នស្ទើគ្រប់ខេត្ត មានការអប់រំកម្រិតឧត្តមសិក្សា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ជូនសម្តេចតេជោ ដើម្បីផ្តល់ជូនដល់និស្សិត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សមិទ្ធផលរបស់និស្សិតជ័យលាភីនាពេលនេះ មិនមែនជាការពុះពាររបស់និស្សិតៗតែឯងនោះទេ ប៉ុន្តែគឺជាផ្លែផ្កានៃការគាំទ្រ ការលះបង់ និងការលើកទឹកចិត្ត របស់មាតាបិតា អាណាព្យាបាល, ព្រមទាំង ការខិតខំ និង ទទួលខុសត្រូវខ្ពស់ របស់សាកលវិទ្យាល័យផងដែរ, ពោលគឺ «សញ្ញាបត្រមួយសន្លឹក គឺជាសមិទ្ធផលរួមគ្នា នៃការខិតខំរបស់និស្សិត, ការបង្រៀនរបស់សាស្ត្រាចារ្យ, និង ការលះបង់របស់អាណាព្យាបាល និង ក្រុមគ្រួសារ» ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់យ៉ាងមុត​មាំ​ថា និស្សិតជ័យលាភីនឹងយកចំណេះជំនាញដែលក្រេបជញ្ជក់បានទៅបម្រើមាតុភូមិ ដោយប្រកាន់ខ្ជាប់នូវ សីលធម៌វិជ្ជាជីវៈ វិន័យ និងមនសិការស្នេហាជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើនិស្សិតថា ការសិក្សាជាសកម្មភាពពេញមួយជីវិត ពីព្រោះពេលណាក៏ដោយ ក៏ត្រូវរៀន, ក៏ត្រូវយល់ដឹង និងក៏ត្រូវស្រាវជ្រាវ ដោយត្រូវចងចាំថា «កុំរៀនដើម្បីតែបានសញ្ញាបត្រ, ប៉ុន្តែត្រូវរៀនដើម្បីឱ្យមានសមត្ថភាព និង អាចធ្វើការបាន»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែ​ងតែយក​ចិត្ត​ទុកដាក់ខ្ពស់ចំពោះគុណភាពអប់រំនៅកម្ពុជា តាមរយៈការតាមដាន វាយតម្លៃ និង កែ​លម្អជាប្រចាំ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីអប់រំនៅកម្ពុជា ប្រកបដោយ គុណភាព ប្រសិទ្ធ​ភាព នវានុវត្តន៍ សមធម៌ និង ចីរភាព សំដៅធានាដល់ការអភិវឌ្ឍធនធានមនុស្ស ឱ្យមានជំនាញខ្ពស់ និង ឥរិយាបថល្អ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ក៏ដូចជា និន្នាការតំបន់ និង សកល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺមិនត្រឹមតែផ្តល់សញ្ញាបត្រដល់អ្នកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តល់ចំណេះដឹងជំនាញ បទពិសោធ ឱកាសការងារ សមត្ថភាពសម្របខ្លួន និង ឱកាសរៀនសូត្រពេញមួយជីវិត ដើម្បីឱ្យអ្នកបញ្ចប់ការសិក្សា អាចឈរជើងក្នុងទីផ្សារការងារ ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និង អាចក្លាយជាកម្លាំងចលករពិតប្រាកដ​នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ តម្រូវការសិក្សា​ថ្នាក់​ឧត្តមសិក្សារបស់យុវជន និងយុវនារីកម្ពុជា មានការកើនឡើងយ៉ាងឆាប់រហ័ស, តម្រូវឱ្យរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យវិស័យឯកជន ចូលរួមផ្តល់សេវាអប់រំកម្រិតឧត្តមសិក្សា នាពេលកន្លងមក ។ និន្នាការនេះបានរីកចម្រើនយ៉ាងខ្លាំងចាប់ពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ន, ឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវផ្នែកយុទ្ធសាស្រ្តរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំវិស័យអប់រំនៅកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចុប្បន្ន គ្រឹះស្ថានឧត្តមសិក្សាឯកជន កំពុងបំពេញបន្ថែមឱ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ បានយ៉ាងល្អ, ខណៈដែលគុណភាពអប់រំនៅកម្រិតឧត្តមសិក្សា ក៏មានការកែលម្អជាប្រចាំ, ឆ្លុះបញ្ចាំងតាមរយៈ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និង មិនរូបវន្ត, ការកែលម្អកម្មវិធីសិក្សា និង វិធីសាស្រ្តបង្រៀន, ការលើកកម្ពស់ការស្រាវជ្រាវ និង ការនវានុវត្ត, និង កិច្ចសហប្រតិបត្តិការ និងកិច្ចសហការ កាន់តែទូលំទូលាយ និង ស៊ីជម្រៅ ជាមួយគ្រឹះស្ថានឧត្តមសិក្សាតំបន់ និង អន្តរជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តពង្រឹងគុណភាពអប់រំចាប់ពីកម្រិតមធ្យមសិក្សា រហូតដល់កម្រិតឧត្តមសិក្សា តាមរយៈ ការធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សា, ការកែលម្អវិធីសាស្ត្របង្រៀន, និង ការធ្វើសុក្រឹតកម្មប្រព័ន្ធវាយតម្លៃ តាមរយៈ ការពង្រឹងប្រព័ន្ធធានាគុណភាព និង ទទួលស្គាល់គុណភាពអប់រំ ដែលអាចធានាបាននូវ ចំណេះដឹង, ជំនាញអនុវត្ត, ការគិតវិភាគ, ការដោះស្រាយបញ្ហា, ការធ្វើការងារជាក្រុមពហុវិជ្ជាជីវៈ, ភាពច្នៃប្រឌិត, និង សមត្ថភាពបត់បែនតាមសភាពការណ៍ជាក់ស្តែង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តបញ្ចូលជំនាញឌីជីថល, បញ្ញាសិប្បនិម្មិត, វិភាគទិន្នន័យ, និង បច្ចេកវិទ្យាថ្មីៗ ទៅក្នុងកម្មវិធីសិក្សា ទៅតាមកម្រិតសមស្រប, ព្រមទាំង ត្រូវពង្រឹងសមត្ថភាពគ្រូបង្រៀន និង សាស្ត្រាចារ្យ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យប្រព័ន្ធអប់រំកម្ពុជា អាចឆ្លើយតបបានកាន់តែប្រសើរទៅនឹង តម្រូវការទីផ្សារការងារ, និង ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី៤, បរិវត្តកម្មឌីជីថល និង ការផ្លាស់ប្តូរនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងសកល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួង​ការ​ងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តធ្វើទំនើបកម្មការអប់រំ និង បណ្តុះបណ្តាល​វិជ្ជា​ជីវៈ ដោយផ្តោតលើមុខជំនាញដែលមានតម្រូវការខ្ពស់ និង ជំនាញសម្រាប់ឧស្សា​ហកម្មអនាគត, ដោយត្រូវពង្រឹងការផ្សារភ្ជាប់ការរៀន និង ការអនុវត្ត, និង ការរៀននៅកន្លែងការងារ ដើម្បីធានាថា អ្នកបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យ អាចចូលក្នុងទីផ្សារការងារដោយរលូន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និង កីឡា, និង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវ ពង្រឹងការប្រមូល និង វិភាគទិន្នន័យអំពីការងារ, តម្រូវការតាមមុខជំនាញ, ប្រាក់ឈ្នួល, ផលិតភាព, និង និន្នាការទីផ្សារការងារ ដើម្បីផ្តល់ជាមូលដ្ឋានវិទ្យាសាស្រ្តសម្រាប់ ការរៀបចំគោលនយោបាយស្តីពីការអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, កំណត់មុខជំនាញអាទិភាព, និង ផ្តល់ព័ត៌មានជាក់លាក់ដល់យុវជនក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញ និង អាជីព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, និង ក្រសួងអប់រំ យុវជន និង កីឡា ត្រូវសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និង អង្គភាពពាក់ព័ន្ធនឹងវិស័យផលិតកម្ម និង សេវាកម្ម, និង វិស័យឯកជន ដើម្បីកំណត់តម្រូវការធនធានមនុស្សតាមវិស័យ ដើម្បីកសាងនូវបញ្ជីតម្រូវការ ធនធានមនុស្សនៅកម្ពុជា, ទាំងរយៈពេល ខ្លី មធ្យម និង វែង។ ទន្ទឹមនេះ ត្រូវរៀបចំយន្តការដែលសម្រួលឱ្យវិស័យឯកជន ចូលរួមកាន់តែសកម្មក្នុង ការកំណត់តម្រូវការជំនាញ, ការរៀបចំកម្មវិធីសិក្សា, ការផ្តល់កន្លែងកម្មសិក្សា, ការបណ្តុះបណ្តាលជាក់ស្តែង, និង ការស្រាវជ្រាវអនុវត្ត ដើម្បីធានាថា ការអប់រំបណ្តុះបណ្តាល ផ្សារភ្ជាប់ទៅនឹងសកម្មភាពផលិតកម្ម និង អាជីវកម្មជាក់ស្តែង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តបាត់ដំបង ដែលបានប្រឹងប្រែងក្នុងការអភិវឌ្ឍខេត្ត ជាពិសេសការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋរួមមានគ្រោះជំនន់ទឹកភ្លៀង និងសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំពឹងថា ឆ្នាំ២០២៧ កម្ពុជា នឹងនាំមកនូវភាពសុខសាន្ត និងមិនមានគ្រោះអាក្រក់ណាមួយកើតឡើងចំពោះជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្តីស្រឡាញ់របស់ប្រជាពលរដ្ឋ គឺជាសុវត្ថិភាពរបស់សម្តេចហើយ ហេតុដូច្នេះហើយទើបសម្តេចចុះតាមខេត្តមិនយកអង្គរក្សចុះច្រើន ហើយចូលចិត្តចុះទៅស្ងាត់ៗ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជន់លិចប្រជាពលរដ្ឋទៅហើយ យើងចុះទៅរំខានពលរដ្ឋមកស្វាគមន៍ធ្វើអ្វី?

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សង្គ្រាមទល់ដែន និងគ្រោះ​ទឹកជំនន់ គឺជារឿងដែលមិនបានព្រាងទុកនោះទេ។ ដូច្នេះការជួយជាចម្បង​សម្រាប់​ប្រជាពលរដ្ឋ គឺសង្គ្រោះជីវិតជាអាទិភាព បន្ទាប់មកសុខទុក្ខ អាហារ និងជម្រក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរអាជ្ញាធរខេត្តបាត់ដំបង និងអាជ្ញាធរពាក់ព័ន្ធនៅថ្នាក់ជាតិ ដែលបានដាក់ចេញកិច្ចអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សុំឱ្យឆ្នាំ២០២៧ កុំឱ្យមានអា F16 អាដ្រូនស៊ើបការណ៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា មិនបានព្រមព្រៀងកាត់ដីឱ្យគេនោះឡើយ។ កម្ពុជា បន្តទាមទារតែដីមានក្នុងសន្ធិសញ្ញាប៉ុណ្ណោះកម្ពុជាមិនទាមទារដីថៃនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជានៅតែបន្តទាមទារដីដែលកងទ័ពថៃ កាន់កាប់ដោយខុសច្បាប់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងប្រវត្តិសាស្ត្រការទាមទារដីពីប្រទេសថៃ មិនមែនប្រើកម្លាំងប្រដាប់អាវុធនោះទេ គឺបានពីសម្ពាធច្បាប់អន្តរជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រើកម្លាំងមិនអាចបញ្ចប់បញ្ហានោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដីព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២ ទៅ៥៩ ក្នុងខេត្តបាត់ដំបង បានវាស់វែងរួចរាល់ ហើយកងទ័ពយើងក៏ឈរជើងការពារនៅតំបន់នេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា របងដែលថៃធ្វើ គឺធ្វើក្នុងដីរបស់គេ ដែលបានវាស់វែងរួចរាល់។ ការវាស់វែងនេះ ដីចម្ការខ្លះខ្មែរកាត់ឱ្យថៃ ហើយដីចម្ការថៃខ្លះ កាត់មកឱ្យខ្មែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដីដែលកងទ័ពថៃគេកាន់កាប់ដោយខុសច្បាប់ មិនអាចកាត់កាប់ជារៀងរហូតនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការវាស់វែងដីព្រំដែននាពេលក្រោយ ត្រូវឱ្យអ្នកសង្កេតការណ៍អាស៊ានចូលរួមត្រួតពិនិត្យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថាមពលអគ្គិសនីដែលផលិតដោយវារីអគ្គិសនីមានបញ្ហាទេ ទោះប្រេងឡើងថៃ តែប្រភពថាមពលនៅកម្ពុជាជាង ៣០ភាគរយ បានពីការប្រើធ្យូងថ្ម និងប្រេងខ្មៅ ដែលជាហេតុនាំឱ្យថ្លៃភ្លើងប្រែប្រួល ដែលតម្រូវឱ្យរាជរដ្ឋាភិបាលអន្តរាគមន៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដោះស្រាយបញ្ហាព្រំដែន មិនអាចធ្វើដោយឆក់កណ្តៀតនោះទេ គឺត្រូវជ្រើសយកវិធានការដែលមានភាពច្បាស់លាស់ ហើយរកបានដំណោះស្រាយយូរអង្វែង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្លូវក្នុងក្រុងបាត់ដំបងចំនួន ២១ខ្សែ នឹងចាប់ផ្តើមជួសជុលឡើងវិញនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈផ្លូវ៧ខ្សែទៀត ប្រវែង១១គីឡូម៉ែត្រ ក៏ត្រូវបានរាជរដ្ឋាភិបាលទម្លាក់ថវិកាធ្វើដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្លូវដែលធ្វើចំនួន៧ខ្សែ ក៏នឹងដាក់លូទន្ទឹមគ្នាដែរ មិនធ្វើផ្លូវអត់ដាក់លូ ធ្វើលូគាស់ផ្លូវនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទម្លាយថា វិស័យការពារជាតិត្រូវបានកែទម្រង់ និងពង្រឹង ដើម្បីបង្កើនសមត្ថភាពការពារជាតិ តែសម្តេចសុំមិនលំអិត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចង់ឱ្យគេគោរពកុំទន់ជ្រាយ មិនថាក្របខណ្ឌប្រទេស ឬបុគ្គលនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖៤០នាទីនាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦។

 

 

 

 

 

 

 

 

You might also like