ថៃ ប្រកាសអាសន្នភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងធ្លាក់ភ្លៀងទឹកកក នៅតំបន់ភាគខាងជើង ភាគកណ្តាល (រួមទាំងទីក្រុងបាងកក)
ថៃ ប្រកាសអាសន្នភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងធ្លាក់ភ្លៀងទឹកកក នៅតំបន់ភាគខាងជើង ភាគកណ្តាល (រួមទាំងទីក្រុងបាងកក) ភាគខាងកើត និងភាគខាងត្បូង រហូតដល់ថ្ងៃទី១៣ ខែតុលា។
បាងកក, ថៃឡង់ដ៍! នៅថ្ងៃទី ១១ ខែតុលា នាយកដ្ឋានឧតុនិយមថៃ ចេញសេចក្តីប្រកាសអាសន្នលើកទី ៩ ព្រមានពីបាតុភូតភ្លៀងធ្លាក់កម្រិតធ្ងន់ធ្ងរ ខ្យល់កន្ត្រាក់ ធ្លាក់ភ្លៀងទឹកកក និងរន្ទះបាញ់ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែតុលា ដែលគ្របដណ្តប់លើតំបន់ភាគខាងជើង ភាគកណ្តាល (រួមទាំងទីក្រុងបាងកក) ភាគខាងកើត និងភាគខាងត្បូង។
បាតុភូតនេះ បណ្តាលមកពីប្រព័ន្ធសម្ពាធអាកាសធាតុខ្ពស់ពីប្រទេសចិន គួបផ្សំជាមួយខ្យល់មូសុងវស្សា ដែលអាចបង្កឱ្យមានគ្រោះទឹកជំនន់ និងការបាក់ដី ពិសេសនៅជិតជើងភ្នំ និងតំបន់ទំនាប ខណៈតំបន់ភាគខាងកើត ដូចជា ខេត្តឈុនបុរី (Chonburi) រ៉ាយ៉ង (Rayong) និងចន្ទបុរី (Chanthaburi) អាចប្រឈមនឹងភ្លៀងធ្លាក់រហូតដល់ ៧០% នៃផ្ទៃដី និងរលកសមុទ្រខ្ពស់ជាង ២ ម៉ែត្រ។
ដើម្បីឆ្លើយតបនឹងការព្រមាននេះ អភិបាលក្រុងប៉ាតាយ៉ា ព័ររ៉ាមេស ង៉ាមភិឆេត (Poramese Ngampichet) បញ្ជាឱ្យកម្លាំងជំនាញប្រចាំការ ២៤ ម៉ោង ដើម្បីតាមដាន និងទប់ស្កាត់ហានិភ័យទឹកជំនន់ បន្ទាប់ពីទីក្រុងនេះធ្លាប់រងការលិចលង់ផ្ទះប្រជាពលរដ្ឋជាង ២៥០ ខ្នង ដោយសារតែភ្លៀងធ្លាក់ខ្លាំងកាលពីចុងខែកញ្ញាកន្លងទៅ៕






