នគរបាលស្រុកពញាឮ សូមអំពាវនាវដល់សាធារណៈជន និងអ្នកនិយមប្រេីប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូបន្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី
ភ្នំពេញ ៖ នគរបាលស្រុកពញាឮ សូមអំពាវនាវដល់សាធារណៈជន និងអ្នកនិយមប្រេីប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូបន្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកពញាឮ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបពាក់ព័ន្ធការផ្សព្វផ្សាយវីដេអូ ជាបន្តបន្ទាប់ ករណី បុរសជាអ្នកលក់គ្រឿងសមុទ្រ ថត Zoom វីដេអូ មើលដើមទ្រូងស្រ្តីម្នាក់ជាអ្នកទិញគ្រឿងសមុទ្រ យកទៅបង្ហោះក្នុងTikTok របស់ខ្លួនឈ្មោះ បងទ្រៀងឯកា ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានបញ្ជាឱ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនបុគ្គលខាងលើ មកបន្តអនុវត្តនីតិវិធី។
ការឃាត់ខ្លួនក្នុករណី ប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល ។
សមត្ថកិច្ចបញ្ជាក់ថា កើតហេតុ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៦ និង ៣០នាទី នៅចំណុច មុខរោងចក្រស៊ីឃ្លូ ភូមិ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យ ០១នាក់ (ឃាត់ខ្លួន) មានឈ្មោះ ស៊ុំ ចាន់ទ្រា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងសមុទ្រ មានទីលំនៅភូមិពោធិ៍រ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបញ្ជាក់ថា ៖ វត្ថុតាងចាប់យក
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPhone 17 pro max ពណ៌ ទឹកក្រូច ។
-នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ស៊ុំ ចាន់ទ្រា បានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ រូបខ្លួន បានទៅលក់គ្រឿងសមុទ្រមុខរោងចក្រស៊ីឃ្លូ នៅខេត្តកំពង់ស្ពឺ ក្នុងពេលនោះរូបខ្លួនបានយកទូរស័ព្ទរបស់ខ្លួនថតជាវីដេអូបង្ហោះក្នុងគណនី TIKTOK របស់ខ្លួន ផ្សព្វផ្សាយលក់គ្រឿងសមុទ្រ ហើយពេលនោះរូបខ្លួន បានថត Zoom ទៅមើលដើមទ្រូងស្ត្រីម្នាក់ ដែលបានអោនទិញគ្រឿងសមុទ្ររបស់ខ្លួន។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ជាមួយគ្នានេះ ក្នុងនាមអធិការដ្ឋាននគរបាលស្រុកពញាឮ ក៏សូមអំពាវនាវដល់សាធារណៈជន និងអ្នកនិយមប្រេីប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូបន្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី។
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបតាមការគួរ ។
សូមជម្រាបថា , ច្បាប់ព្រហ្មទណ្ឌ មាត្រា ៣០២ (បទប៉ះពាល់ ដល់សិទ្ធិខាងរូបភាពនៃបុគ្គល)៖ ការថតរូបភាព អ្នកដទៃនៅកន្លែងឯកជន ដោយគ្មាន ការព្រមព្រៀង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពីមួយសែន រៀល ទៅ ពីរលានរៀល លើកលែងតែ ករណីដែលច្បាប់អនុញ្ញាត ៕






