កម្ពុជា មិនបានចាប់ផ្តើមជម្លោះហើយក៏មិនបានបង្កើនអរិភាពនោះទេ ខណៈនៅថ្ងៃទី២៨ ខែឧសភា កងទ័ពថៃបានបាញ់ប្រហារលើទីតាំងយោធាកម្ពុជា បណ្តាលឱ្យទាហានកម្ពុជាមួយរូបស្លាប់
ទីក្រុងហ្សឺណែវ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសនៃកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើការឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ ឯកអគ្គរាជទូត Benjamin Sukanjanajtee តំណាងអចិន្ត្រៃយ៍ថៃ ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ដោយកម្ពុជា បដិសេធយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូថៃ ខណៈកម្ពុជាមិនបានចាប់ផ្តើមជម្លោះហើយក៏មិនបានបង្កើនអរិភាពនោះទេ, ការពិតនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានបាញ់ប្រហារលើទីតាំងយោធាកម្ពុជាបណ្តាលឱ្យទាហានកម្ពុជាមួយរូបស្លាប់។
តាមសេចក្តីថ្លែងការណ៍របស់ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ បានថ្លែងបដិសេធយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូថៃ ដែលមិនពិត និងធ្វើឡើងដោយគ្មាន មូលដ្ឋាន ក្នុងន័យបំភ្លៃស្ថានការណ៍ជាក់ស្តែងនៅលើដី និងហាក់ដូចជាមានបំណងបំភ័ន្តរដ្ឋសមាជិក។
ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ ថ្លែងថា កម្ពុជា មិនបានចាប់ផ្តើមជម្លោះ ហើយក៏មិនបានបង្កើនអរិភាពនោះទេ។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃ បានបាញ់ប្រហារលើទីតាំងយោធាកម្ពុជា បណ្តាលឱ្យទាហានកម្ពុជាមួយរូបស្លាប់បាត់បង់ជីវិត។ បន្ទាប់ពីហេតុការណ៍នោះមកភាពតានតឹងមានការកើនឡើង។
ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ បានបន្តថា ជនភៀសសឹកកម្ពុជា បច្ចុប្បន្នត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងដែនដីកម្ពុជា ដោយសារ ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ នាពេលថ្មីៗនេះ ពោលគឺនៅក្នុងឆ្នាំ២០២៥ ជាពិសេស គឺដោយសារការវាយប្រហារ យ៉ាងធ្ងន់ធ្ងរពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ។
ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ លើកឡើងថា កំណត់ត្រារបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍ជន ភៀសខ្លួនកម្ពុជាចុងក្រោយពីជំរុំ នៅក្នុងប្រទេសថៃ ត្រូវបានបញ្ចប់នៅក្នុងខែមីនា ឆ្នាំ១៩៩៩ ហើយជំរុំទាំងអស់ត្រូវបាន បិទ។
ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ បានបង្ហាញថា ប្រទេសទាំងពីរ កម្ពុជា និងថៃ មានព្រំដែនអន្តរជាតិដែលត្រូវបានទទួលស្គាល់ក្រោមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ដោយមានផែនទីមាត្រដ្ឋាន ១/២០០.០០០។ ប្រទេសទាំងពីរ ត្រូវតែគោរពព្រំដែនដែលទទួល ស្គាល់ជាអន្តរជាតិ។
ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ បន្ថែមថា កម្ពុជាមិនដែលដាក់មីនប្រឆាំងមនុស្សថ្មីឡើយ។ ឧប្បត្តិហេតុផ្ទុះមីនដែលពាក់ព័ន្ធនឹងទាហានថៃ បានកើតឡើងនៅក្នុង ចម្ការមីនចាស់ ស្ថិតក្នុងដែនដីកម្ពុជា ដែលត្រូវបានកត់ត្រាច្បាស់លាស់ និងជាមីនសេសសល់ពីសង្គ្រាមស៊ីវិលនាពេល អតីតកាល។ កម្ពុជា បន្តប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាអូតាវ៉ា។
ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ លើកឡើងទៀតថា សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនបានផ្តល់ភាពស្របច្បាប់ដល់ការកាន់កាប់ទឹកដីកម្ពុជាដោយខុស ច្បាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃនោះទេ ហើយក៏មិនបានអនុញ្ញាតឱ្យមានការបំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិវប្បធម៌នៅក្នុងដែនដីកម្ពុជាដែរ។
ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណអំពាវនាវយ៉ាងមុតមាំឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពខុសច្បាប់ទាំងអស់នៅក្នុងដែនដីកម្ពុជា ដែលកំពុងស្ថិតក្រោមការកាន់កាប់ខុសច្បាប់របស់ថៃ ជាពិសេស សកម្មភាពទាំងឡាយណា ដែលមានគោល បំណងផ្លាស់ប្តូរស្ថានភាពនៅនឹងកន្លែង ឬបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (Fait accompli) ព្រមទាំងអនុញ្ញាត និងសម្រួលឱ្យប្រជាជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញឱ្យបានឆាប់ ប្រកបដោយសុវត្ថិភាព និង ដោយសេចក្តីថ្លៃថ្នូរ៕






