ភ្ញាក់ផ្អើល! អគ្គនាយករងក្រសួងរ៉ែ និងថាមពល លោក ម៉ក់ សុភ័ក្ដ្រា ត្រូវឃាត់ខ្លួន ក្រោយផ្ទុះអាវុធដេញតាមប្រពន្ធ បណ្តាលឱ្យត្រូវកូនប្រុសបង្កើតរងរបួស

ភ្នំពេញ៖ កាលពីវេលាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនលោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល បន្ទាប់ពីករណីផ្ទុះអាវុធមួយបានកើតឡើង  ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបណ្តាលឱ្យគ្រាប់ផ្លាតត្រូវកូនប្រុសបង្កើតរងរបួសធ្ងន់ធ្ងរ។

មុនពេលកើតហេតុ លោក ម៉ក់ សុភ័ក្ដ្រា បានបើករថយន្តដេញតាមរថយន្តរបស់ភរិយាខ្លួន ដោយសារមានការសង្ស័យថា ភរិយាកំពុងដឹកបុរសម្នាក់ផ្សេងទៀត។ ក្នុងពេលដេញតាមស្ទាក់ឃាត់នោះ ដោយសារកំហឹងខឹងសម្បារខ្លាំងពេក លោកបានដកកាំភ្លើងបាញ់គំរាម ប៉ុន្តែគ្រាប់កាំភ្លើងបានផ្លាតទៅត្រូវកូនប្រុសបង្កើតដែលស្ថិតក្នុងហេតុការណ៍នោះ បណ្តាលឱ្យរងរបួសតែម្តង(រងរបួសត្រង់ពោះ)។
ទោះបីជាយ៉ាងណាក៏ដោយ ពេលកម្លាំងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ គឺមិនបានឃើញវត្តមានរបស់ភរិយា និងបុរសរងការសង្ស័យនោះឡើយ។ លោក ម៉ក់ សុភ័ក្ដ្រា ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

You might also like