អគ្គិភ័យឆាបឆេះរថយន្ត១គ្រឿង បណ្តាលមកពីការឆ្លងប៉ិចសាំង

ភ្នំពេញ÷ ករណីអគ្គិភ័យឆាបឆេះរថយន្ត១គ្រឿង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៦ ដែលស្ថិតនៅចំណុចផ្លូវបេតុង ភូមិបន្លារស្អឹត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រថយន្តដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១ គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន។

ដោយឡែកចំពោះ ប្រភេទរថយន្ត F150 Raptor ពាក់ផ្លាកលេខ ភ្នំពេញ 2BF-6636 ឆេះខូតខាតមួយកំណាត់ខាងមុខ (ប្លុកម៉ាស៉ីន)។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានគ្រប់គ្រងទាំងស្រុងនៅម៉ោង ១១និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងប៉ិចសាំងបង្កជាអគ្គិភ័យ។ ដោយឡែក ចំពោះករណីខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ៕

You might also like