សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រៀបចំអាហារដល់កុមារមានពិការភាព និងគថ្លង់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជួបសំណេះសំណាល និង​រៀបចំ​អាហារ​ដល់​កុមារ​មាន​ពិការភាព​ភ្នែក​ គថ្លង់ និងកុមារកំព្រា ប្រមាណ ៥០០នាក់ នៅទីតាំងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី។ សិស្សា​នុសិស្សទាំងអស់នោះ មាននៅក្នុងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី វិទ្យាល័យ​អប់រំ​ពិសេស​ច្បារ​អំពៅ ​វិទ្យាស្ថានជាតិអប់រំពិសេស និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី។
ក្នុងពិធីសំណេះសំណាលជាមួយសិស្សមានពិការភាពភ្នែក គថ្លង់ និងកុមារកំព្រា នៅថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា ការ​មក​ជួប​សំណេះ​សំណាលនេះ គឺដើម្បីសួរសុខទុក្ខសិស្សមានពិការភាព គថ្លង់ និងកុមារកំព្រា ក៏​ដូច​ជា​រៀប​ចំ​នូវ​អាហារសាមគ្គី នៅក្នុងឱកាសអភិមង្គលដ៏នក្ខត្តឫក្សឧត្តុងឧត្តម នៃខួបចម្រើន​ជន្មាយុ​គម្រប់​៤៩​ឆ្នាំ (២០តុលា១៩៧៧-២០តុលា ២០២៦) ឈានចូល៥០ឆ្នាំ របស់​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី។
ក្នុងឱកាសនោះដែរ ក្រៅពីអាហារសាមគ្គី សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ដល់នូវគ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ដល់​សាលា​ទាំង​៣​កន្លែង ​និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី រួមមានអង្ករចំនួន ៥០០គីឡូក្រាម, ទឹកក្រូច, ទឹកសុទ្ធ, ត្រីខ, សាប៊ូលាងដៃ, សាប៊ូកក់សក់, សាប៊ូដុសខ្លួន និងថវិកាចំនួន ២០លានរៀល។ ជាមួយនេះ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានផ្ដល់ថវិកា និងសម្ភារមួយចំនួនដល់លោកគ្រូ អ្នកគ្រូ រួម​ទាំង​សិស្សា​នុសិស្សទាំងជាង ៥០០នាក់ផងដែរ ។
អ្នកគ្រូ នាង ផល្លា ប្រធានគណៈគ្រប់គ្រងវិទ្យាស្ថានជាតិអប់រំពិសេស នៃក្រសួងអប់រំ យុវជន និង​កីឡា បានអះអាងថា ថ្នាក់ដឹកនាំកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកាកបាទក្រហមកម្ពុជា តមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត តែងតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កុមារ​កំព្រា ​កុមារមានពិការភាព និងគថ្លង់ តាមរយៈសកម្មភាពដ៏ល្អប្រពៃ ដែលជាប្រចាំ​ឆ្នាំ​មាន​ការ​ជួប​សំណេះ​សំណាល ការរៀបចំអាហារសាមគ្គី ការផ្ដល់ជំនួយផ្សេងៗ ជាពិសេស​ការ​បង្កើត​សាលា​អប់​រំពិសេស ដើម្បីបង្រៀនដល់កុមារទាំងអស់នោះ ឲ្យមានចំណេះដឹង និងអាចរ​ស់​នៅ​បាន​សមរម្យ ​ដូចប្រជាពលរដ្ឋផ្សេងៗ ។
អ្នកគ្រូបានបន្តថា សកម្មភាពជួយដល់កុមារទាំងអស់នោះ សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេច​ធិបតី និងលោកជំទាវបណ្ឌិត មិនមែនធ្វើម្ដង ឬពីរដងនោះទេ ព្រោះតែក្តីអាណិតអាសូរ គឺ​ថ្នាក់​ដឹក​នាំបានធ្វើជាប្រចាំ ជាមួយនឹងការជំរុញដល់ក្រសួងអប់រំ និងលោកគ្រូ អ្នកគ្រូ នៃ​សាលា​អប់​រំ​ពិសេស ត្រូវយកចិត្តទុកដាក់ថែទាំ និងបង្រៀនកុមារដែលមានបញ្ហាទាំងនោះ ដើម្បី​ឲ្យ​ពួក​គេ​មាន​ភាព​កក់ក្ដៅ និងសប្បាយរីករាយដូចកុមារផ្សេងៗ។
គួរបញ្ជាក់ថា នៅកម្ពុជាមានវិទ្យាល័យអប់រំពិសេសចំនួន៥ ដែលស្ថិតនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះមានវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី វិទ្យាល័យអប់រំពិសេសច្បារអំពៅ វិទ្យាល័យ​អប់រំពិសេសបាត់ដំបង វិទ្យាល័យអប់រំពិសេសសៀមរាប និងវិទ្យាល័យ​អប់រំ​ពិសេស​កំពង់​ចាម​ ដែលសរុបសិស្សពិការភ្នែក គរថ្លង់ ខ្សោយសតិបញ្ញា និងអូទីស្សឹម មានជិត២ពាន់នាក់៕

You might also like