កម្លាំងចម្រុះខេត្តកណ្តាល បើកប្រតិបត្តិការបង្ក្រាបបទល្មើសជលផល នៅស្រុកលើកដែក
(កណ្តាល)៖ កម្លាំងចម្រុះនៃខេត្តកណ្តាល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចុះបង្ក្រាបបទល្មើសជលផលនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងបានចុះប្រតិបត្តិការស្ថិតនៅចំណុចតំបន់អតីតឡូតិ៍នេសាទ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកោះធំ ក្រុងសំពៅពូន ស្រុកលើកដែក។
ប្រតិបត្តិការនេះដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងមានសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីសំណាក់ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ខណ្ឌរដ្ឋបាលជលផលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូន រដ្ឋបាលស្រុកកោះធំ និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក រួមជាមួយភាគីពាក់ព័ន្ធជាច្រើនទៀត។
ការចុះបង្ក្រាបនេះ គឺដើម្បីទប់ស្កាត់ និងលុបបំបាត់បទល្មើសនេសាទខុសច្បាប់ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សធនធានជលផលធម្មជាតិ និងធានានិរន្តរភាពនៃការនេសាទប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋ។ អាជ្ញាធរនឹងបន្តពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារធនធានធម្មជាតិរបស់ជាតិ៕






