ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញកម្មវិធីបិទប្រណាំងទូក ង នៅខេត្តព្រៃវែង ប្រកបដោយភាពជោគជ័យ និងសប្បាយរីករាយ

ព្រៃវែង៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង រួមជាមួយឯក ឧត្ដមស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដមសួន សុម៉ាលីន អភិបាលខេត្ត និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦ ដែលមានទូកវែងសរុបចំនួន១១គូរនិងខ្លីចំនួន៣០គូរ ប្រកបដោយភាពសប្បាយរីករាយ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របតាមប្រពៃណីជាតិ ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា និងជាការផ្តល់ជូនដល់ប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយរីករាយ ព្រមទាំងត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។
អភិបាលខេត្តព្រៃវែង បានថ្លែងថា ការប្រណាំងទូកងឆ្នាំ២០២៦នេះ មានការចូលរួមពីក្រុង-ស្រុកចំនួន៦នៅទូទាំងខេត្ត និងមកពីខេត្តកណ្តាល សរុបចំនួន៨០ទូក ដែលក្នុងនោះមានទូកខ្នាតអន្តរជាតិ៥៩ទូក និងទូកខ្នាតវែង២១ទូក។ ចំនួនអ្នកទស្សនា និងកម្សាន្តមានប្រមាណ២៣០,០០០នាក់ ដែលបង្ហាញពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។
ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃ
ចំណាត់ថ្នាក់លេខ១៖ មានចំនួន១៣ទូក (ទូកខ្នាតអន្តរជាតិ៩ទូក និងទូកខ្នាតវែង៤ទូក)។ ចំណាត់ថ្នាក់លេខ២៖ មានចំនួន៣១ទូក (ទូកខ្នាតអន្តរជាតិ ២៣ទូក និងទូកខ្នាតវែង៨ទូក) ចំណាត់ថ្នាក់លេខ៣៖ មានចំនួន២៥ទូក (ទូកខ្នាតអន្តរជាតិ១៨ទូក និងទូកខ្នាតវែង៧ទូក) ចំណាត់ថ្នាក់លេខ៤៖ មានចំនួន១០ទូក (ទូកខ្នាតអន្តរជាតិ៨ទូក និងទូកខ្នាតវែង២ទូក)។
ឯកឧត្ដមអភិបាលខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្ររហូតកម្មវិធីនេះដំណើរការដោយរលូន និងជោគជ័យ។ ពិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌ជាតិ និងពង្រឹងសាមគ្គីភាពក្នុងសង្គម។
ក្នុងឱកាសនោះឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង រួមទាំងកងកម្លាំងទាំងបី ដែលបានរៀបចំកម្មវិធីប្រណាំងទូក ង នេះឡើងបង្ករការសប្បាយរីករាយយ៉ាងក្រៃលែងដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង និងបណ្តាខេត្តផ្សេងៗទៀតមកចូលរួមផងដែរ និងសូមអរគុណចំពោះក្រុមហ៊ុន និងសប្បុសជនទាំងអស់ដែលបានជួយឧបត្ថមគាំទ្រដល់ការរៀចំកម្មវិធី និងអរគុណចំពោះការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពសប្បាយរីករាយក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានផ្ដាំផ្ញើនូវចំណុចសំខាន់ៗដល់គណៈកម្មការ និងកីឡាករទូក ងទាំងអស់ត្រូវរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ត្រូវមានកម្លាំងសាមគ្គីភាពល្អជាមួយគ្នា ចេះយោគយល់អធ្យាស្រ័យ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រកួត។
ជាមួយគ្នានេះឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីស សុខា បានថ្លែងនូវ កោតសរសើរដល់កីឡាករទូកទាំងអស់ដែលបានគោរពបទបញ្ជាផ្ទៃក្នុង និងបទបញ្ជាការប្រកួត និងប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ ស្រឡាញ់ និងរក្សាសេចក្តីថ្លៃថ្នូរជាកីឡាករ ព្រមទាំងបានគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំការប្រកួតបានខ្ជាប់ខ្ជួន នាំយកកិត្តិយស និងជ័យជម្នះជូនស្រុកភូមិ និងខេត្ត ដោយឈរលើស្មារតីយុត្តិធម៌ និងមិត្តភាព។

You might also like