ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមជាសហប្រធានគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលលើកទី២០
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមជាសហប្រធានគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលលើកទី២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការជាតិ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការតាមផ្នែកនីមួយៗ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តនៅរាជធានីភ្នំពេញ ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសហប្រធានទាំងពីរ ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់អនុគណៈកម្មការ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវការសម្របសម្រួល និងកិច្ចសហការយ៉ាងជិតស្និទ្ធ ការអនុវត្តដ៏ហ្មត់ចត់ និងការបញ្ចប់ការងាររៀបចំផ្សេងៗ តាមផែនការកំណត់ សំដៅធានាបាននូវដំណើរការដោយរលូន និងជោគជ័យ នៃកិច្ចប្រជុំកំពូលនេះ។






