ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារ Pre-Contact Mission របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ចុះពិនិត្យអនុគម្រោងខ្ពបត្របែក និងទំនប់លោក ក្នុងខេត្តតាកែវ
នាថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារ Pre-Contact Mission នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ចូលរួមប្រជុំពិភាក្សាការងារជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ព្រមទាំងបានចុះពិនិត្យទីតាំងអនុគម្រោងខ្ពបត្របែក និងទំនប់លោក ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
ជំនួបពិភាក្សា និងសកម្មភាពចុះពិនិត្យទីតាំងផ្ទាល់នាឱកាសនោះ មានការចូលរួមពីលោក OHYAMA Sakae ទីប្រឹក្សា JICA ប្រចាំក្រសួង, តំណាងអង្គការ JICA ប្រចាំកម្ពុជា, ឯកឧត្តមថ្នាក់ដឹកនាំ, មន្ត្រីបច្ចេកទេសក្រសួង, មន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារទីប្រឹក្សាបច្ចេកទេសជប៉ុន ដែលទទួលបន្ទុកការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) នៃគម្រោង។
សូមជម្រាបថា អនុគម្រោងខ្ពបត្របែក និងទំនប់លោក មានសមត្ថភាពស្រោចស្រពលើផ្ទៃដីសរុបចំនួន ៥១១៥ ហិកតា ហើយអនុគម្រោងនេះ គឺជាផ្នែកមួយនៃ «គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកក្នុងប្រទេសកម្ពុជា» (Irrigation and Drainage Rehabilitation and Improvement Project)។ កិច្ចដំណើរការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងនេះ បានចាប់ផ្តើមអនុវត្តចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ ហើយតាមការគ្រោងទុក ការសិក្សានឹងត្រូវបញ្ចប់ជាស្ថាពរនៅក្នុងខែមិថុនា ឆ្នាំ២០២៧ ខាងមុខ៕






